គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 48:6-23 Khmer Standard Version (KHSV)

6. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន​នៅ​ជាប់​នឹង​ទឹក​ដី​អេប្រាអ៊ីម ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

7. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា​នៅ​ជាប់​នឹង​ទឹក​ដី​រូបេន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

8. នៅ​ជាប់​នឹង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច ត្រូវ​ញែក​ដី​មួយ​ចំណែក​ដែល​មាន​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​ចំណែក​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ ដែល​រាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ទី‌សក្ការៈ​ត្រូវ​នៅ​ចំ​កណ្ដាល​ដី​នោះ។

9. ដី​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ។

10. ដី​ដ៏​សក្ការៈ​នេះ​ត្រូវ​ចែក​ឲ្យ​ពួក​បូជា‌ចារ្យ​ទុក​ជា​កម្មសិទ្ធិ គឺ​ខាង​ជើង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ខាង​លិច​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​កើត​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​ត្បូង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ។ ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់​ត្រូវ​នៅ​ចំ​កណ្ដាល។

11. ដី​នេះ​ត្រូវ​បាន​ជា​កម្មសិទ្ធិ​កូន​ចៅ​របស់​លោក​សាដុក ដែល​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ។ អ្នក​ទាំង​នោះ​ប្ដូរ​ផ្ដាច់​បម្រើ​យើង គឺ​នៅ​គ្រា​ដែល ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ឆ្ងាយ​ពី​យើង​បូជា‌ចារ្យ​ទាំង​នោះ​ពុំ​បាន​វង្វេង​ដូច​ពួក​លេវី​ទេ។

12. ដូច្នេះ ពួក​គេ​ត្រូវ​ទទួល​ដី​ដ៏​សក្ការៈ​បំផុត​នេះ ជា​ដី​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ជាប់​នឹង​ដី​របស់​ពួក​លេវី។

13. ពួក​លេវី​នឹង​ទទួល​ដី ដែល​នៅ​តាម​បណ្ដោយ​ព្រំ‌ប្រទល់​ដី​របស់​ពួក​បូជា‌ចារ្យ គឺ​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ​ដូច​ទំហំ​ដី​របស់​បូជា‌ចារ្យ​ដែរ។

14. ពួក​គេ​មិន​អាច​លក់​ដូរ ឬ​បង្វិល​ដី​ទាំង​នេះ​ទេ ព្រោះ​ជា​ចំណែក​ល្អ​ជាង​គេ​ដែល​បាន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់។

15. ចំណែក​ឯ​ដី​ដែល​នៅ​សល់ មាន​ទទឹង​ប្រាំ​ពាន់​ហត្ថ និង​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ត្រូវ​ចាត់​ទុក​ជា​ដី​សាមញ្ញ​ធម្មតា សម្រាប់​សង់​ក្រុង ផ្ទះ និង​វាល​ស្មៅ ទីក្រុង​ស្ថិត​នៅ​ចំ​កណ្ដាល។

16. ទីក្រុង​នេះ​មាន​ទំហំ​ដូច​ត​ទៅ: ខាង​ជើង​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​ត្បូង​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​កើត​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​លិច​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ។

17. ទីក្រុង​នេះ​ត្រូវ​មាន​វាល​ស្មៅ​ពីរ​រយ​ហា‌សិប​ហត្ថ​ខាង​ជើង ពីរ​រយ​ហា‌សិប​ហត្ថ​ខាង​ត្បូង ពីរ​រយ​ហា‌សិប​ហត្ថ​ខាង​កើត ពីរ​រយ​ហា‌សិប​ហត្ថ​ខាង​លិច។

18. ដី​ដែល​នៅ​សល់​តាម​បណ្ដោយ​ដី​សក្ការៈ​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ​ខាង​កើត មួយ​ម៉ឺន​ហត្ថ​ខាង​លិច។ ដី​នោះ​ទុក​សម្រាប់​ដាំ​ដំណាំ ជា​អាហារ​របស់​អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង។

19. អ្នក​ធ្វើ​ការ​ក្នុង​ទីក្រុង ទោះ​បី​គេ​មក​ពី​កុល‌សម្ព័ន្ធ​ណា​ក្ដី ក៏​គេ​អាច​ដាំ​ដំណាំ​លើ​ដី​នោះ​បាន​ដែរ។

20. សរុប​មក ដី​ដែល​ត្រូវ​ញែក​ទុក​ថ្វាយ​ព្រះ‌អម្ចាស់ មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ​បួន​ជ្រុង។ ត្រូវ​ទុក​ដី​សក្ការៈ​នោះ​មួយ​ភាគ​បួន ជា​កម្មសិទ្ធិ​របស់​ទីក្រុង។

21. ដី​ដែល​នៅ​សល់ ត្រូវ​បាន​ជា​កម្មសិទ្ធិ​របស់​មេ​ដឹក​នាំ គឺ​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​របស់​ទីក្រុង​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ទទឹង​គិត​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​កើត និង​ព្រំ‌ប្រទល់​ខាង​លិច។ ដី​សក្ការៈ និង​ទី‌សក្ការៈ​ក្នុង​ព្រះ‌ដំណាក់​ស្ថិត​នៅ​ចំ​កណ្ដាល។

22. ដី​របស់​មេ​ដឹក​នាំ​មាន​ដី​របស់​ពួក​លេវី និង​ដី​របស់​ទីក្រុង​នៅ​ចំ​ពាក់​កណ្ដាល ដី​នោះ​ស្ថិត​នៅ​ចន្លោះ​ដី​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

23. កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​ដែល​ត្រូវ​ទទួល​ដី​ជា​ចំណែក​មត៌ក​នោះ គឺ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

សូមអានជំពូកពេញលេញ អេសេ‌គាល 48