គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 46:5-16 Khmer Standard Version (KHSV)

5. ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​ចៀម​ឈ្មោល​នោះ ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​កូន​ចៀម​ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

6. នៅ​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី មេ​ដឹក​នាំ​ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​មួយ​ក្បាល កូន​ចៀម​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​មួយ​ក្បាល​ដែល​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ។

7. ត្រូវ​យក​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ​គោ នោះ​មួយ​ថាំង​ទៀត​ថ្វាយ​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

8. មេ​ដឹក​នាំ​ចូល​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល។

9. ពេល​ប្រជា‌ជន​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ អ្នក​ណា​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង ដើម្បី​មក​ថ្វាយ‌បង្គំ ត្រូវ​ចេញ​ទៅ​វិញ​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង។ អ្នក​ណា​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង ត្រូវ​ចេញ​ទៅ​វិញ តាម​ខ្លោង​ទ្វារ​ខាង​ជើង។ មិន​ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​ខ្លួន​បាន​ចូល​មក​នោះ​ឡើយ គឺ​ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​នៅ​ទល់​មុខ។

10. ពេល​ប្រជា‌ជន​ចូល មេ​ដឹក​នាំ​ក៏​ចូល​មក​ជា​មួយ ហើយ​ពេល​ពួក​គេ​ចេញ​ទៅ​វិញ គាត់​ក៏​ត្រូវ​ចេញ​ទៅ​វិញ​ជា​មួយ​ដែរ។

11. នៅ​ថ្ងៃ​បុណ្យ​ធម្មតា ឬ​ក្នុង​ឱកាស​ពិធី​បុណ្យ​សំខាន់ៗ ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​គោ​បា មួយ​ថាំង​ទៀត​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

12. ប្រសិន​បើ​មេ​ដឹក​នាំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ដុត ឬ​យញ្ញ‌បូជា​មេត្រី‌ភាព​ពិសេស មក​ថ្វាយ​ព្រះ‌អម្ចាស់ គេ​ត្រូវ​បើក​ទ្វារ​ខាង​កើត​ឲ្យ​គាត់​ចូល។ គាត់​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​មេត្រី‌ភាព​ដូច​គាត់​ធ្លាប់​ថ្វាយ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ។ បន្ទាប់​មក គាត់​ចេញ​ទៅ​វិញ រួច​គេ​ត្រូវ​បិទ​ទ្វារ​ពី​ក្រោយ​គាត់។

13. រៀង​រាល់​ថ្ងៃ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​អាយុ​មួយ​ខួប ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​នេះ​រៀង​រាល់​ព្រឹក។

14. ចូរ​យក​តង្វាយ​ម្សៅ​ប្រាំ​គីឡូ‌ក្រាម និង​ប្រេង​ពីរ​លីត្រ​មក​លាយ​គ្នា ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ជា​មួយ​តង្វាយ​ដុត​នោះ​ដែរ។ ត្រូវ​ធ្វើ​តាម​វិន័យ​ដែល​មាន​ចែង​ទុក​នេះ​រហូត​ត​ទៅ។

15. រាល់​ព្រឹក ត្រូវ​ថ្វាយ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង ជា​តង្វាយ​ដុត រហូត​ត​រៀង​ទៅ»។

16. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ចែក​ដី​មួយ​កន្លែង ជា​អំណោយ​ដល់​កូន​របស់​ខ្លួន អំណោយ​នោះ​ត្រូវ​ចាត់​ទុក​ជា​ចំណែក​មត៌ក ជា​កេរ‌អាករ ដែល​កូន​នោះ​អាច​ចែក​ត​កូន​ចៅ​របស់​ខ្លួន។

សូមអានជំពូកពេញលេញ អេសេ‌គាល 46