គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 46:16-24 Khmer Standard Version (KHSV)

16. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ចែក​ដី​មួយ​កន្លែង ជា​អំណោយ​ដល់​កូន​របស់​ខ្លួន អំណោយ​នោះ​ត្រូវ​ចាត់​ទុក​ជា​ចំណែក​មត៌ក ជា​កេរ‌អាករ ដែល​កូន​នោះ​អាច​ចែក​ត​កូន​ចៅ​របស់​ខ្លួន។

17. ក៏​ប៉ុន្តែ ប្រសិន​បើ​គាត់​យក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ប្រគល់​ជា​អំណោយ​ដល់​អ្នក​បម្រើ ដី​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​បម្រើ រហូត​ដល់​ឆ្នាំ​ដែល​គេ​បាន​រួច​ទៅ​ជា​អ្នក​ជា បន្ទាប់​មក ត្រូវ​បង្វិល​ដី​នោះ​មក​មេ​ដឹក​នាំ​វិញ ដ្បិត​មាន​តែ​កូន​របស់​គាត់​ទេ​ដែល​មាន​សិទ្ធិ​ទទួល​ដី​នោះ​ជា​កេរ‌មត៌ក។

18. មេ​ដឹក​នាំ​មិន​ត្រូវ​ប៉ះ‌ពាល់​ដី‌ធ្លី​របស់​ប្រជា‌ជន​ទេ គឺ​មិន​ត្រូវ​រឹប​អូស​យក​ដី​របស់​ពួក​គេ​ឡើយ។ មេ​ដឹក​នាំ​ត្រូវ​យក​ដី​របស់​ខ្លួន​ផ្ទាល់ ចែក​ជា​កេរ‌មត៌ក​ដល់​កូនៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន បាត់​បង់​ដី‌ធ្លី​របស់​ខ្លួន»។

19. បន្ទាប់​មក បុរស​នោះ​នាំ​ខ្ញុំ​ចូល​តាម​ច្រក​មួយ​នៅ​ក្បែរ​ខ្លោង​ទ្វារ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ដែល​បម្រុង​ទុក​សម្រាប់​ពួក​បូជា‌ចារ្យ គឺ​បន្ទប់​ដែល​បែរ​មុខ​ទៅ​រក​ទិស​ខាង​ជើង។ ខ្ញុំ​ឃើញ​កន្លែង​មួយ​នៅ​កៀន​ខាង​ក្នុង គឺ​នៅ​ខាង​លិច។

20. លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ពួក​បូជា‌ចារ្យ​ស្ងោរ​សាច់ ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស និង​យញ្ញ‌បូជា​រំដោះ​បាប។ គេ​ក៏​ចំអិន​តង្វាយ​ម្សៅ​នៅ​ទី​នេះ​ដែរ ដើម្បី​ចៀស‌វាង​សែង​ទៅ​ខាង​ក្រៅ ក្រែង​លោ​ប្រជា‌ជន​ប៉ះ‌ពាល់​របស់​សក្ការៈ»។

21. លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ ឲ្យ​ខ្ញុំ​ដើរ​កាត់​ជ្រុង​ទាំង​បួន​នៃ​ទី‌លាន។ តាម​ជ្រុង​នីមួយៗ​នៃ​ទី‌លាន​នោះ មាន​ទីធ្លា​មួយ។

22. ទីធ្លា​ទាំង​បួន​មាន​ទំហំ​តូច​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សែ‌សិប​ហត្ថ និង​ទទឹង​សាម‌សិប​ហត្ថ។

23. មាន​របង​មួយ​ព័ទ្ធ​ជុំ‌វិញ​ទីធ្លា​ទាំង​បួន ហើយ​មាន​កន្លែង​ធ្វើ​ម្ហូប នៅ​ជាប់​នឹង​របង​ដែល​ព័ទ្ធ​ជុំ‌វិញ​នោះ​ផង។

24. បុរស​នោះ​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​ជំនួយ​ការ​ក្នុង​ព្រះ‌ដំណាក់​ចំអិន​សាច់ ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា»។

សូមអានជំពូកពេញលេញ អេសេ‌គាល 46