គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 46:11-19 Khmer Standard Version (KHSV)

11. នៅ​ថ្ងៃ​បុណ្យ​ធម្មតា ឬ​ក្នុង​ឱកាស​ពិធី​បុណ្យ​សំខាន់ៗ ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​គោ​បា មួយ​ថាំង​ទៀត​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

12. ប្រសិន​បើ​មេ​ដឹក​នាំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ដុត ឬ​យញ្ញ‌បូជា​មេត្រី‌ភាព​ពិសេស មក​ថ្វាយ​ព្រះ‌អម្ចាស់ គេ​ត្រូវ​បើក​ទ្វារ​ខាង​កើត​ឲ្យ​គាត់​ចូល។ គាត់​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​មេត្រី‌ភាព​ដូច​គាត់​ធ្លាប់​ថ្វាយ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ។ បន្ទាប់​មក គាត់​ចេញ​ទៅ​វិញ រួច​គេ​ត្រូវ​បិទ​ទ្វារ​ពី​ក្រោយ​គាត់។

13. រៀង​រាល់​ថ្ងៃ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​អាយុ​មួយ​ខួប ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​នេះ​រៀង​រាល់​ព្រឹក។

14. ចូរ​យក​តង្វាយ​ម្សៅ​ប្រាំ​គីឡូ‌ក្រាម និង​ប្រេង​ពីរ​លីត្រ​មក​លាយ​គ្នា ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ជា​មួយ​តង្វាយ​ដុត​នោះ​ដែរ។ ត្រូវ​ធ្វើ​តាម​វិន័យ​ដែល​មាន​ចែង​ទុក​នេះ​រហូត​ត​ទៅ។

15. រាល់​ព្រឹក ត្រូវ​ថ្វាយ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង ជា​តង្វាយ​ដុត រហូត​ត​រៀង​ទៅ»។

16. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ចែក​ដី​មួយ​កន្លែង ជា​អំណោយ​ដល់​កូន​របស់​ខ្លួន អំណោយ​នោះ​ត្រូវ​ចាត់​ទុក​ជា​ចំណែក​មត៌ក ជា​កេរ‌អាករ ដែល​កូន​នោះ​អាច​ចែក​ត​កូន​ចៅ​របស់​ខ្លួន។

17. ក៏​ប៉ុន្តែ ប្រសិន​បើ​គាត់​យក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ប្រគល់​ជា​អំណោយ​ដល់​អ្នក​បម្រើ ដី​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​បម្រើ រហូត​ដល់​ឆ្នាំ​ដែល​គេ​បាន​រួច​ទៅ​ជា​អ្នក​ជា បន្ទាប់​មក ត្រូវ​បង្វិល​ដី​នោះ​មក​មេ​ដឹក​នាំ​វិញ ដ្បិត​មាន​តែ​កូន​របស់​គាត់​ទេ​ដែល​មាន​សិទ្ធិ​ទទួល​ដី​នោះ​ជា​កេរ‌មត៌ក។

18. មេ​ដឹក​នាំ​មិន​ត្រូវ​ប៉ះ‌ពាល់​ដី‌ធ្លី​របស់​ប្រជា‌ជន​ទេ គឺ​មិន​ត្រូវ​រឹប​អូស​យក​ដី​របស់​ពួក​គេ​ឡើយ។ មេ​ដឹក​នាំ​ត្រូវ​យក​ដី​របស់​ខ្លួន​ផ្ទាល់ ចែក​ជា​កេរ‌មត៌ក​ដល់​កូនៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន បាត់​បង់​ដី‌ធ្លី​របស់​ខ្លួន»។

19. បន្ទាប់​មក បុរស​នោះ​នាំ​ខ្ញុំ​ចូល​តាម​ច្រក​មួយ​នៅ​ក្បែរ​ខ្លោង​ទ្វារ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ដែល​បម្រុង​ទុក​សម្រាប់​ពួក​បូជា‌ចារ្យ គឺ​បន្ទប់​ដែល​បែរ​មុខ​ទៅ​រក​ទិស​ខាង​ជើង។ ខ្ញុំ​ឃើញ​កន្លែង​មួយ​នៅ​កៀន​ខាង​ក្នុង គឺ​នៅ​ខាង​លិច។

សូមអានជំពូកពេញលេញ អេសេ‌គាល 46