គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 45:9-23 Khmer Standard Version (KHSV)

9. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មេ​ដឹក​នាំ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​លួច​ប្លន់​ប្រជា‌រាស្ត្រ​ជ្រុល​ពេក​ហើយ ល្មម​ឈប់​ទៅ! ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សុចរិត​យុត្តិធម៌ កុំ​រឹប​អូស​យក​ដី​ពី​ប្រជា‌ជន​របស់​យើង​ទៀត! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

10. កុំ​បំបាត់​ភ្នែក​ជញ្ជីង​ឡើយ ចូរ​ប្រើ​អេផា* ប្រើ​បាថ*​ឲ្យ​បាន​ត្រឹម​ត្រូវ។

11. អេផា​សម្រាប់​វាល់​ស្រូវ និង​បាថ សម្រាប់​វាល់​វត្ថុ​រាវ ត្រូវ​មាន​ចំណុះ​ដូច​គ្នា គឺ​ស្មើ​មួយ​ភាគ​ដប់​នៃ​ហូមែរ* ដែល​ជា​មូល‌ដ្ឋាន​នៃ​រង្វាល់។

12. រីឯ​ទម្ងន់​វិញ ក្នុង​មួយ​ស៊ីគ* មាន​ម្ភៃ​កេរ៉ា* ហើយ​មួយ​មីន* មាន​ហុក‌សិប​ស៊ីគ។

13. ភោគ​ផល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​ជា​តង្វាយ​នោះ គឺ​ស្រូវ​មួយ​ភាគ​ហុក‌សិប ពោត​មួយ​ភាគ​ហុក‌សិប។

14. ចំណែក​ឯ​ប្រេង​វិញ ត្រូវ​វាល់​មួយ​ភាគ​រយ​ទុក​ជា​តង្វាយ ដោយ​យក​បាថ មក​វាល់។ មួយ​ហូមែរ មាន​ដប់​បាថ ហើយ​មួយ​គរ*​ក៏​មាន​ដប់​បាថ ដែរ។

15. រីឯ​ហ្វូង​សត្វ​នៅ​តាម​វាល​ស្មៅ​នៃ​ស្រុក​អ៊ីស្រា‌អែល ក្នុង​ហ្វូង​ចៀម​ដែល​មាន​ចំនួន​ពីរ​រយ​ក្បាល ត្រូវ​យក​មួយ​ក្បាល​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល ជា​យញ្ញ‌បូជា​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

16. ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ត្រូវ​ប្រមូល​តង្វាយ​ទាំង​នោះ យក​ទៅ​ឲ្យ​មេ​ដឹក​នាំ​ស្រុក​អ៊ីស្រា‌អែល។

17. មេ​ដឹក​នាំ​មាន​ភារ‌កិច្ច​ចាត់​ចែង​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ផ្សេងៗ និង​ពិធី​ច្រួច‌ស្រា ព្រម​ទាំង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី ថ្ងៃ​សប្ប័ទ និង​បុណ្យ​ដ៏​សំខាន់​ឯ​ទៀតៗ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ប្រារព្ធ​ធ្វើ។ គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត​ទាំង​មូល យញ្ញ‌បូជា​នៃ​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប​កូន​ចៅ​អ៊ីស្រា‌អែល»។

18. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ធ្វើ​យញ្ញ‌បូជា ដើម្បី​ជម្រះ​ទី‌សក្ការៈ​ឲ្យ​បរិសុទ្ធ។

19. បូជា‌ចារ្យ​ត្រូវ​យក​ឈាម​របស់​សត្វ ដែល​គេ​បូជា​រំដោះ​បាប​នោះ លាប​នៅ​លើ​ក្រប​ទ្វារ​នៃ​ព្រះ‌ដំណាក់ លើ​គែម​ទាំង​បួន​ជ្រុង​របស់​អាសនៈ ព្រម​ទាំង​លើ​ក្រប​ខ្លោង​ទ្វារ​ខាង​ក្នុង​ផង។

20. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ក្នុង​ខែ​ដដែល​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ ដើម្បី​លោះ​បាប​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​អចេតនា ឬ​ដោយ​ធ្វេស‌ប្រហែស។ អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ ដើម្បី​ជម្រះ​ព្រះ‌ដំណាក់​ឲ្យ​បរិសុទ្ធ។

21. នៅ​ថ្ងៃ​ទី​ដប់‌បួន​នៃ​ខែ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង*។ បុណ្យ​នេះ​មាន​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​ក្នុង​អំឡុង​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។

22. នៅ​ថ្ងៃ​នោះ មេ​ដឹក​នាំ​ត្រូវ​យក​គោ​បា​មួយ​មក​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប​ខ្លួន​ឯង​ផ្ទាល់ និង​បាប​របស់​ប្រជា‌ជន​ទាំង​មូល។

23. ក្នុង​អំឡុង​ពេល​បុណ្យ​ប្រាំ‌ពីរ​ថ្ងៃ​នោះ មេ​ដឹក​នាំ​ត្រូវ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ដ៏​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​រៀង​រាល់​ថ្ងៃ ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​លោះ​បាប​ផង។

សូមអានជំពូកពេញលេញ អេសេ‌គាល 45