គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 45:1-13 Khmer Standard Version (KHSV)

1. «ពេល​ណា​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​បែង​ចែក​ទឹក​ដី​ជា​មត៌ក ត្រូវ​ញែក​ដី​មួយ​ចំណែក​ទុក​ជា​ដី​សក្ការៈ ថ្វាយ​ព្រះ‌អម្ចាស់។ ដី​នោះ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ ត្រូវ​ចាត់​ទុក​ថា​ជា​កន្លែង​ដ៏‌វិសុទ្ធ។

2. ក្នុង​បរិវេណ​ដី​នោះ ត្រូវ​មាន​កន្លែង​សម្រាប់​ទី‌សក្ការៈ ដែល​មាន​ទំហំ​ប្រាំ‌រយ​ហត្ថ​បួន​ជ្រុង និង​ទីធ្លា​ព័ទ្ធ​ជុំ‌វិញ​ដែល​មាន​ទទឹង​ប្រាំ​រយ​ហត្ថ។

3. នៅ​លើ​ផ្ទៃ​ដី​ដែល​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ​នេះ អ្នក​ត្រូវ​វាស់​កន្លែង​មួយ​ទុក​ជា​ទី‌សក្ការៈ​ដ៏‌វិសុទ្ធ​បំផុត។

4. ដី​នោះ​ជា​កន្លែង​ដ៏​សក្ការៈ​នៅ​ក្នុង​ស្រុក ជា​កម្មសិទ្ធិ​របស់​ពួក​បូជា‌ចារ្យ ដែល​បម្រើ​ព្រះ‌អម្ចាស់​នៅ​ក្នុង​ទី‌សក្ការៈ។ ពួក​បូជា‌ចារ្យ​នឹង​សង់​ផ្ទះ​នៅ​លើ​ដី​នោះ ហើយ​ទី‌សក្ការៈ​ក៏​ស្ថិត​នៅ​លើ​ដី​នោះ​ដែរ។

5. ត្រូវ​ទុក​ដី​ដែល​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ​ទៀត សម្រាប់​ឲ្យ​ពួក​លេវី​ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រះ‌ដំណាក់ សង់​ក្រុង​រស់​នៅ។

6. ត្រូវ​វាស់​ដី​មួយ​ចំណែក​ទៀត នៅ​ទន្ទឹម​គ្នា​នឹង​ដី​សក្ការៈ​ដែល​មាន​ទទឹង​ប្រាំ​ពាន់​ហត្ថ បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទុក​សម្រាប់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​សង់​ក្រុង​រស់​នៅ។

7. ត្រូវ​ទុក​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​ក្រុង គឺ​ដី​ដែល​នៅ​ទន្ទឹម​ដី​សក្ការៈ និង​ដី​ក្រុង ទាំង​ខាង​លិច ទាំង​ខាង​កើត ឲ្យ​មេ​ដឹក​នាំ។ ដី​របស់​មេ​ដឹក​នាំ​មាន​ទំហំ​ស្មើ​នឹង​ចំណែក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ។

8. ដី​នោះ​ជា​ចំណែក​មត៌ក​របស់​មេ​ដឹក​នាំ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ មេ​ដឹក​នាំ​ដែល​យើង​តែង‌តាំង នឹង​លែង​កេង‌ប្រវ័ញ្ច​ប្រជា‌ជន​របស់​យើង​ទៀត​ហើយ ពួក​គេ​នឹង​ប្រគល់​ទឹក​ដី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន»។

9. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មេ​ដឹក​នាំ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​លួច​ប្លន់​ប្រជា‌រាស្ត្រ​ជ្រុល​ពេក​ហើយ ល្មម​ឈប់​ទៅ! ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សុចរិត​យុត្តិធម៌ កុំ​រឹប​អូស​យក​ដី​ពី​ប្រជា‌ជន​របស់​យើង​ទៀត! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

10. កុំ​បំបាត់​ភ្នែក​ជញ្ជីង​ឡើយ ចូរ​ប្រើ​អេផា* ប្រើ​បាថ*​ឲ្យ​បាន​ត្រឹម​ត្រូវ។

11. អេផា​សម្រាប់​វាល់​ស្រូវ និង​បាថ សម្រាប់​វាល់​វត្ថុ​រាវ ត្រូវ​មាន​ចំណុះ​ដូច​គ្នា គឺ​ស្មើ​មួយ​ភាគ​ដប់​នៃ​ហូមែរ* ដែល​ជា​មូល‌ដ្ឋាន​នៃ​រង្វាល់។

12. រីឯ​ទម្ងន់​វិញ ក្នុង​មួយ​ស៊ីគ* មាន​ម្ភៃ​កេរ៉ា* ហើយ​មួយ​មីន* មាន​ហុក‌សិប​ស៊ីគ។

13. ភោគ​ផល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​ជា​តង្វាយ​នោះ គឺ​ស្រូវ​មួយ​ភាគ​ហុក‌សិប ពោត​មួយ​ភាគ​ហុក‌សិប។

សូមអានជំពូកពេញលេញ អេសេ‌គាល 45