គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 44:15-28 Khmer Standard Version (KHSV)

15. រីឯ​ក្រុម​បូជា‌ចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក​វិញ ក្នុង​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង​នោះ ពួក​គេ​នៅ​តែ​បម្រើ​យើង​ក្នុង​ទី‌សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​ចូល​មក​បម្រើ​យើង ពួក​គេ​នឹង​ស្ថិត​នៅ​ក្បែរ​យើង ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

16. អ្នក​ទាំង​នោះ​នឹង​ចូល​មក​ក្នុង​ទី‌សក្ការៈ​របស់​យើង ពួក​គេ​ចូល​មក​ក្បែរ​តុ​របស់​យើង ដើម្បី​បម្រើ​យើង និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​បង្គាប់។

17. ពេល​ចូល​មក​ដល់​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ ពេល​ពួក​គេ​បំពេញ​មុខ‌ងារ​នៅ​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង មិន​ត្រូវ​ស្លៀក​ពាក់​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម​ទេ។

18. ពួក​គេ​ត្រូវ​ពាក់​ឆ្នួត​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​នៅ​លើ​ក្បាល ហើយ​ស្លៀក​ខោ​ខ្លី តែ​មិន​ត្រូវ​យក​អ្វី​មក​ក្រវាត់​ចង្កេះ នាំ​ឲ្យ​បែក​ញើស​ឡើយ។

19. ពេល​ពួក​គេ​ចេញ​ទៅ​រក​ប្រជា‌ជន​នៅ​ទី‌លាន​ខាង​ក្រៅ ត្រូវ​ផ្លាស់​សម្លៀក‌បំពាក់​សម្រាប់​បំពេញ​មុខ‌ងារ​ចេញ រួច​ទុក​សម្លៀក‌បំពាក់​នោះ​នៅ​ក្នុង​បន្ទប់​នៃ​ទី‌សក្ការៈ។ ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ផ្សេង​ទៀត ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​ប៉ះ‌ពាល់​សម្លៀក‌បំពាក់​ដ៏​សក្ការៈ​នោះ។

20. មិន​ត្រូវ​ឲ្យ​បូជា‌ចារ្យ​ទាំង​នោះ​កោរ​សក់ ឬ​ក៏​ទុក​ឲ្យ​សក់​ដុះ​វែង​ពេក​ឡើយ គឺ​ត្រូវ​កាត់​សក់​យ៉ាង​សមរម្យ។

21. ពេល​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង បូជា‌ចារ្យ​មិន​ត្រូវ​សេព​សុរា​ឡើយ។

22. បូជា‌ចារ្យ​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្ដី​លែង​ទេ គឺ​រៀប‌ការ​បាន​តែ​ជា​មួយ​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ក្នុង​វង្ស​ត្រកូល​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ស្ត្រី​មេម៉ាយ​ពី​បូជា‌ចារ្យ​ម្នាក់​ទៀត។

23. បូជា‌ចារ្យ​ទាំង​នោះ​ត្រូវ​អប់រំ​ប្រជា‌ជន​របស់​យើង ឲ្យ​ស្គាល់​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ ព្រម​ទាំង​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ។

24. ពួក​គេ​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី នៅ​ពេល​ប្រជា‌ជន​មាន​រឿង‌រ៉ាវ​នឹង​គ្នា ហើយ​វិនិច្ឆ័យ​ទោស ស្រប​តាម​វិន័យ​របស់​យើង។ ពួក​គេ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ទុក ព្រម​ទាំង​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ។

25. បូជា‌ចារ្យ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង​ឡើយ លើក‌លែង​តែ​សព​ឪពុក‌ម្ដាយ កូន​ប្រុស​កូន​ស្រី បង‌ប្អូន​ប្រុស និង​បង‌ប្អូន​ស្រី​ដែល​ពុំ​ទាន់​រៀប‌ការ។

26. ក្នុង​ករណី​នេះ ក្រោយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​រួច​ហើយ គេ​ត្រូវ​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ មុន​នឹង​បំពេញ​មុខ‌ងារ​សា​ជា​ថ្មី។

27. នៅ​ថ្ងៃ​គេ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ*​ឡើង​វិញ គេ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

28. ចំណែក​ឯ​កេរ‌មត៌ក​ដែល​ពួក​បូជា‌ចារ្យ​ត្រូវ​ទទួល​នោះ គឺ​យើង​ផ្ទាល់។ មិន​បាច់​ចែក​ទឹក​ដី​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ជា​មត៌ក​ឲ្យ​ពួក​គេ​ទេ ដ្បិត​យើង​ផ្ទាល់​ជា​មត៌ក​របស់​ពួក​គេ។

សូមអានជំពូកពេញលេញ អេសេ‌គាល 44