គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 44:1-7 Khmer Standard Version (KHSV)

1. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ​ទី‌សក្ការៈ​វិញ គឺ​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។ ទ្វារ​នោះ​នៅ​បិទ។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទ្វារ​នេះ​នឹង​នៅ​បិទ​ជិត គឺ​មិន​ត្រូវ​បើក​ឡើយ ហើយ​ក៏​គ្មាន​នរណា​ចេញ​ចូល​តាម​នេះ​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​ចូល​មក​តាម​ទ្វារ​នេះ ដូច្នេះ ទ្វារ​នេះ​ត្រូវ​បិទ​រហូត!

3. ចំណែក​ឯ​មេ​ដឹក​នាំ​វិញ ក្នុង​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង គេ​អាច​អង្គុយ​បរិភោគ​ពិធី​ជប់‌លៀង​នៅ​ចំពោះ​មុខ​យើង​បាន។ គេ​ចូល​មក​តាម​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ ហើយ​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល»។

4. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង គឺ​ខាង​មុខ​ព្រះ‌ដំណាក់។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ នៅ​ពាស‌ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ស្ដី​អំពី​ច្បាប់ និង​ក្បួន​តម្រា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ចូរ​ពិនិត្យ​មើល​ច្រក​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់ និង​ទ្វារ​ទាំង​ប៉ុន្មាន​របស់​ទី‌សក្ការៈ។

6. បន្ទាប់​មក ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​បះ‌បោរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កូន​ចៅ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ច្រើន​ពេក​ហើយ!

7. ពេល​អ្នក​រាល់​គ្នា​យក​អាហារ គឺ​ខ្លាញ់ និង​ឈាម មក​ថ្វាយ​យើង អ្នក​រាល់​គ្នា​នាំ​ជន​បរទេស​ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង​ចូល​មក ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ទៅ​ជា​សៅហ្មង។ អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង ដោយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។

សូមអានជំពូកពេញលេញ អេសេ‌គាល 44