គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 43:17-27 Khmer Standard Version (KHSV)

17. រីឯ​ផ្នែក​កណ្ដាល​មាន​បណ្ដោយ​ដប់‌បួន​ហត្ថ និង​ទទឹង​ដប់‌បួន​ហត្ថ គែម​ដែល​ព័ទ្ធ​ជុំ‌វិញ មាន​កំរាស់​កន្លះ​ហត្ថ ចង្អូរ​ទាំង​បួន​ជ្រុង​មាន​កំពស់​មួយ​ហត្ថ។ ជណ្ដើរ​របស់​អាសនៈ​បែរ​ទៅ​រក​ទិស​ខាង​កើត។

18. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​កត់‌ត្រា​ទុក​នូវ​ក្បួន​តម្រា​ដែល​ត្រូវ​អនុវត្ត នៅ​ថ្ងៃ​គេ​កសាង​អាសនៈ សម្រាប់​ធ្វើ​យញ្ញ‌បូជា និង​ពិធី​ច្រួច​ឈាម។

19. ចូរ​ប្រគល់​គោ​បា​មួយ​ឲ្យ​ពួក​បូជា‌ចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក ដែល​មាន​មុខ‌ងារ​ចូល​មក​បម្រើ​យើង ដើម្បី​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

20. ចូរ​យក​ឈាម​ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​អាសនៈ និង​លាប​ផ្នែក​កណ្ដាល​ទាំង​បួន​ជ្រុង ព្រម​ទាំង​លាប​គែម​ដែល​នៅ​ជុំ‌វិញ។ ធ្វើ​ដូច្នេះ មាន​ន័យ​ថា អ្នក​ធ្វើ​ឲ្យ​អាសនៈ​បាន​បរិសុទ្ធ និង​សក្ការៈ។

21. បន្ទាប់​មក ចូរ​យក​គោ​បា​សម្រាប់​ធ្វើ​យញ្ញ‌បូជា ទៅ​ឲ្យ​គេ​ដុត​នៅ​កន្លែង​បម្រុង​ទុក ខាង​ក្រៅ​ទី‌សក្ការៈ​នៃ​ព្រះ‌ដំណាក់។

22. នៅ​ថ្ងៃ​ទី​ពីរ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​ដក​បាប​ចេញ​ពី​អាសនៈ ដូច​បាន​ថ្វាយ​គោ​បា ដើម្បី​ដក​បាប​ដែរ។

23. កាល​អ្នក​ធ្វើ​ពិធី​យញ្ញ‌បូជា​រំដោះ​បាប​រួច​ហើយ ចូរ​នាំ​គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​សត្វ

24. យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ពួក​បូជា‌ចារ្យ​ត្រូវ​បាច​អំបិល​លើ​សត្វ​ទាំង​ពីរ ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។

25. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​មួយ គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​មក​ថ្វាយ​រៀង​រាល់​ថ្ងៃ ជា​តង្វាយ​រំដោះ​បាប សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។

26. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ និង​សក្ការៈ។

27. លុះ​ថ្ងៃ​កំណត់​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ​បី​ត​ទៅ ពួក​បូជា‌ចារ្យ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព​នៅ​លើ​អាសនៈ។ ធ្វើ​ដូច្នេះ ទើប​យើង​គាប់​ចិត្ត​នឹង​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 43