គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 43:1-9 Khmer Standard Version (KHSV)

1. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។

2. ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អណ្ដែត​មក​ពី​ទិស​ខាង​កើត មាន​សន្ធឹក​ដូច​មហា‌សាគរ ហើយ​ផែនដី​ភ្លឺ​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

3. និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នោះ ក៏​ដូច​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ពេល​ព្រះ‌អង្គ​យាង​មក​កម្ទេច​ក្រុង​យេរូ‌សាឡឹម។ និមិត្ត‌ហេតុ​អស្ចារ្យ​ទាំង​ពីរ​នេះ​ក៏​ដូច​ជា​និមិត្ត‌ហេតុ​អស្ចារ្យ ដែល​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

4. សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​តាម​ទ្វារ​ខាង​កើត។

5. ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ទី‌លាន​ខាង​ក្នុង។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ដំណាក់។

6. ពេល​បុរស​នោះ​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​ឮ​ព្រះ‌សូរសៀង​ចេញ​ពី​ព្រះ‌ដំណាក់​មក​កាន់​ខ្ញុំ​ថា៖

7. «កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ។ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ស្ដេច​របស់​គេ លែង​ធ្វើ​ឲ្យ​នាម​យើង​ទៅ​ជា​សៅ‌ហ្មង ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាក‌សព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។

8. ពី​មុន​ពួក​គេ​បាន​សង់​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ទ្វារ​របស់​យើង ក្រប​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ក្រប​ទ្វារ​របស់​យើង គឺ​មាន​តែ​ជញ្ជាំង​មួយ​គត់​ដែល​ខណ្ឌ​គេ​ពី​យើង។ ពួក​គេ​បាន​ធ្វើ​ឲ្យ​នាម​របស់​យើង​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស តាម​កំហឹង​របស់​យើង។

9. ឥឡូវ​នេះ ពួក​គេ​លែង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​យក​សព​ស្ដេច​របស់​ខ្លួន​ចេញ​ឆ្ងាយ​ពី​យើង។ យើង​នឹង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។

សូមអានជំពូកពេញលេញ អេសេ‌គាល 43