គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 41:1-14 Khmer Standard Version (KHSV)

1. បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ លោក​វាស់​សសរ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ ស្មើ​នឹង​ទទឹង​របស់​ព្រះ‌ពន្លា*។

2. ក្រប​ទ្វារ​មាន​ទទឹង​ដប់​ហត្ថ រីឯ​ទ្វារ​វិញ ម្ខាងៗ​មាន​ទទឹង​ប្រាំ​ហត្ថ។ លោក​វាស់​ទី‌សក្ការៈ​មាន​បណ្ដោយ​សែ‌សិប​ហត្ថ ហើយ​ទទឹង​ម្ភៃ​ហត្ថ។

3. បន្ទាប់​មក លោក​ចូល​ទៅ​ខាង​ក្នុង​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កំរាស់​ពីរ​ហត្ថ រីឯ​ទ្វារ​កំរាស់​ប្រាំ​មួយ​ហត្ថ ទទឹង​ប្រាំ‌ពីរ​ហត្ថ។

4. លោក​វាស់​ផ្នែក​ខាង​ក្នុង​ទី‌សក្ការៈ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ រួច​លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ទី‌សក្ការៈ​បំផុត។

5. លោក​វាស់​ជញ្ជាំង​ខណ្ឌ​ព្រះ‌ដំណាក់ ឃើញ​មាន​កំរាស់​ប្រាំ​មួយ​ហត្ថ។ រីឯ​បន្ទប់​អម​ជុំ‌វិញ​ព្រះ‌ដំណាក់​មាន​ទទឹង​បួន​ហត្ថ។

6. បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទី‌សក្ការៈ​ទេ។

7. បន្ទប់​ជាន់​ខាង​លើ​ទូលាយ​ជាង​បន្ទប់​នៅ​ជាន់​ក្រោម ព្រោះ​ផ្នែក​ខាង​លើ កំរាស់​ជញ្ជាំង​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ​តូច​ជាង​កំរាស់​ផ្នែក​ខាង​ក្រោម។ ហេតុ​នេះ​ហើយ​បាន​ជា​កាល​ណា​គេ​ឡើង​ទៅ​ខាង​លើ​កាន់​តែ​ខ្ពស់ នោះ​កាន់​តែ​មាន​កន្លែង​ទូលាយ​ជាង។ គេ​អាច​ឡើង​ពី​ជាន់​ក្រោម​ទៅ​ជាន់​កណ្ដាល រួច​ទៅ​ជាន់​ខាង​លើ។

8. ខ្ញុំ​សង្កេត​មើល​ជុំ‌វិញ​ព្រះ‌ដំណាក់ ឃើញ​ថា​បន្ទប់​ដែល​នៅ​អម​តាម​ជញ្ជាំង​មាន​កំពស់​ពេញ​មួយ​ឈើ​រង្វាស់ គឺ​ប្រាំ​មួយ​ហត្ថ។

9. ជញ្ជាំង​ដែល​នៅ​ខាង​ក្រៅ​បន្ទប់​អម​មាន​កំរាស់​ប្រាំ​ហត្ថ។ រីឯ​ធ្លា​នៅ​ចន្លោះ​បន្ទប់​អម ដែល​នៅ​ជាប់​នឹង​ជញ្ជាំង

10. និង​បន្ទប់​ដែល​នៅ​ជុំ‌វិញ​ទី‌សក្ការៈ មាន​ប្រវែង​ម្ភៃ​ហត្ថ។

11. បន្ទប់​អម​ទាំង​នោះ​មាន​ច្រក​ចេញ​ចូល​តាម​ធ្លា ច្រក​មួយ​នៅ​ខាង​ជើង ច្រក​មួយ​ទៀត​នៅ​ខាង​ត្បូង។ ធ្លា​នោះ​មាន​ជ្រុង​នីមួយៗ​ប្រវែង​ប្រាំ​ហត្ថ។

12. នៅ​ខាង​លិច មាន​អាគារ​មួយ​នៅ​ជាប់​នឹង​ធ្លា​ធំ មាន​ទទឹង​ចិត‌សិប​ហត្ថ បណ្ដោយ​កៅ‌សិប​ហត្ថ រីឯ​ជញ្ជាំង​មាន​កំរាស់​ប្រាំ​ហត្ថ។

13. បុរស​នោះ​វាស់​ព្រះ‌ដំណាក់ ឃើញ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ចំណែក​ឯ​ធ្លា​ធំ អាគារ និង​ជញ្ជាំង ក៏​មាន​បណ្ដោយ​មួយ​រយ​ហត្ថ​ដែរ។

14. ជញ្ជាំង​ខាង​មុខ​ព្រះ‌ដំណាក់ និង​ធ្លា​ធំ​ដែល​នៅ​ខាង​កើត មាន​ប្រវែង​មួយ​រយ​ហត្ថ។

សូមអានជំពូកពេញលេញ អេសេ‌គាល 41