គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 40:36-45 Khmer Standard Version (KHSV)

36. រីឯ​បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា។ មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

37. ជញ្ជាំង​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ នៅ​សង​ខាង មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ មាន​ប្រាំ​បី​កាំ។

38. នៅ​ក្បែរ​ជញ្ជាំង​ទាំង​នោះ​មាន​បន្ទប់​មួយ ជា​កន្លែង​ដែល​គេ​លាង​តង្វាយ​ដុត។

39. ក្នុង​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ មាន​តុ​ពីរ​នៅ​ម្ខាង និង​តុ​ពីរ​នៅ​ម្ខាង​ទៀត។ គេ​អារ-ក​សត្វ​នៅ​លើ​តុ​ទាំង​នោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស។

40. ត្រង់​កន្លែង​មួយ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​នៃ​ច្រក​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង មាន​តុ​ពីរ ហើយ​នៅ​ម្ខាង​ទៀត គឺ​នៅ​ក្បែរ​បន្ទប់​ល្វែង ក៏​មាន​តុ​ពីរ​ដែរ។

41. នៅ​ត្រង់​បន្ទប់​ល្វែង មាន​តុ​ប្រាំ​បី គឺ​ម្ខាង​បួនៗ ដែល​គេ​អារ-ក​សត្វ​ពី​លើ។

42. មាន​តុ​បួន​ទៀត​ដែល​ធ្វើ​ពី​ផ្ទាំង​ថ្ម សម្រាប់​ធ្វើ​ពិធី​យញ្ញ‌បូជា។ តុ​នីមួយៗ​មាន​បណ្ដោយ​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ។ គេ​ដាក់​ឧបករណ៍​សម្រាប់​អារ-ក​សត្វ​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ផ្សេងៗ​ទៀត​នៅ​លើ​តុ​នោះ។

43. នៅ​តាម​គែម​តុ មាន​ចង្អូរ​ព័ទ្ធ​ជុំ‌វិញ ចង្អូរ​នោះ​មាន​ទទឹង​មួយ​ចង្អាម រីឯ​សាច់​សម្រាប់​ធ្វើ​យញ្ញ‌បូជា គេ​ដាក់​នៅ​លើ​តុ។

44. នៅ​មុខ​ខ្លោង​ទ្វារ​ខាង​ក្នុង គឺ​នៅ​ទី‌លាន​ខាង​ក្នុង មាន​បន្ទប់​ផ្សេងៗ​សម្រាប់​អ្នក​ចម្រៀង។ បន្ទប់​មួយ​ស្ថិត​ជិត​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង មួយ​ទៀត​នៅ​ជិត​ខ្លោង​ទ្វារ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។

45. លោក​ពោល​មក​ខ្ញុំ​ថា៖ «បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់។

សូមអានជំពូកពេញលេញ អេសេ‌គាល 40