គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 40:1-8 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ ដែល​គេ​កៀរ​យើង​មក​ជា​ឈ្លើយ គឺ​ដប់‌បួន​ឆ្នាំ​ក្រោយ​ពេល​ក្រុង​យេរូ‌សាឡឹម​រលំ នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ដើម​ឆ្នាំ​នោះ ព្រះ‌អម្ចាស់​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ហើយ​លើក​ខ្ញុំ​ទៅ។

2. ខ្ញុំ​និមិត្ត​ឃើញ​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ដាក់​ខ្ញុំ​នៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់។ ខ្ញុំ​មើល​ទៅ​ខាង​ត្បូង​ឃើញ​មាន​ហាក់​ដូច​ជា​អាគារ​របស់​ទីក្រុង​មួយ។

3. ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ ឃើញ​មនុស្ស​ម្នាក់​មាន​ភាព​ដូច​លង្ហិន ឈរ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ទាំង​កាន់​ខ្សែ​វេញ​ពី​ធ្មៃ និង​ឈើ​រង្វាស់​មួយ។

4. បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ខំ​ប្រឹង​មើល ចូរ​ប្រុង​ត្រចៀក​ស្ដាប់ ចូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ហេតុ‌ការណ៍​ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ ដ្បិត​ព្រះ‌អម្ចាស់​នាំ​អ្នក​មក​ទី​នេះ ដើម្បី​ឲ្យ​អ្នក​ឃើញ។ បន្ទាប់​មក ចូរ​យក​ហេតុ‌ការណ៍​ទាំង​អស់​ដែល​អ្នក​ឃើញ ទៅ​ពន្យល់​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល»។

5. ខ្ញុំ​មើល​ទៅ​ឃើញ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។ បុរស​នោះ​កាន់​ឈើ​រង្វាស់ ដែល​មាន​បណ្ដោយ​ប្រាំ​មួយ​ហត្ថ (ក្នុង​មួយ​ហត្ថៗ​មាន​ប្រវែង​លើស​ពី​ខ្នាត​ធម្មតា​មួយ​ទះ) ទៅ​វាស់​កំពែង​នោះ​ឃើញ​មាន​បណ្ដោយ​មួយ​ឈើ​រង្វាស់ និង​ទទឹង​មួយ​ឈើ​រង្វាស់។

6. បន្ទាប់​មក បុរស​នោះ​ទៅ​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ឡើង​តាម​ជណ្ដើរ។ លោក​វាស់​ក្រប​ខ្លោង​ទ្វារ ឃើញ​មាន​កំរាស់​មួយ​ឈើ​រង្វាស់។

7. បន្ទប់​តូចៗ​មាន​បណ្ដោយ​មួយ​ឈើ​រង្វាស់ ទទឹង​មួយ​ឈើ​រង្វាស់។ ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ មាន​ចន្លោះ​ប្រាំ​ហត្ថ។ ក្រប​ទ្វារ​ដែល​នៅ​ក្បែរ​ច្រក​ខ្លោង​ទ្វារ​ខាង​ក្នុង ក៏​មាន​កំរាស់​មួយ​ឈើ​រង្វាស់​ដែរ។

8. លោក​វាស់​បន្ទប់​ល្វែង ដែល​នៅ​ជាប់​នឹង​ខ្លោង​ទ្វារ​ខាង​ក្នុង​ឃើញ​មាន​ទទឹង​មួយ​ឈើ​រង្វាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 40