គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 40:1-16 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ ដែល​គេ​កៀរ​យើង​មក​ជា​ឈ្លើយ គឺ​ដប់‌បួន​ឆ្នាំ​ក្រោយ​ពេល​ក្រុង​យេរូ‌សាឡឹម​រលំ នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ដើម​ឆ្នាំ​នោះ ព្រះ‌អម្ចាស់​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ហើយ​លើក​ខ្ញុំ​ទៅ។

2. ខ្ញុំ​និមិត្ត​ឃើញ​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ដាក់​ខ្ញុំ​នៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់។ ខ្ញុំ​មើល​ទៅ​ខាង​ត្បូង​ឃើញ​មាន​ហាក់​ដូច​ជា​អាគារ​របស់​ទីក្រុង​មួយ។

3. ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ ឃើញ​មនុស្ស​ម្នាក់​មាន​ភាព​ដូច​លង្ហិន ឈរ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ទាំង​កាន់​ខ្សែ​វេញ​ពី​ធ្មៃ និង​ឈើ​រង្វាស់​មួយ។

4. បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ខំ​ប្រឹង​មើល ចូរ​ប្រុង​ត្រចៀក​ស្ដាប់ ចូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ហេតុ‌ការណ៍​ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ ដ្បិត​ព្រះ‌អម្ចាស់​នាំ​អ្នក​មក​ទី​នេះ ដើម្បី​ឲ្យ​អ្នក​ឃើញ។ បន្ទាប់​មក ចូរ​យក​ហេតុ‌ការណ៍​ទាំង​អស់​ដែល​អ្នក​ឃើញ ទៅ​ពន្យល់​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល»។

5. ខ្ញុំ​មើល​ទៅ​ឃើញ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។ បុរស​នោះ​កាន់​ឈើ​រង្វាស់ ដែល​មាន​បណ្ដោយ​ប្រាំ​មួយ​ហត្ថ (ក្នុង​មួយ​ហត្ថៗ​មាន​ប្រវែង​លើស​ពី​ខ្នាត​ធម្មតា​មួយ​ទះ) ទៅ​វាស់​កំពែង​នោះ​ឃើញ​មាន​បណ្ដោយ​មួយ​ឈើ​រង្វាស់ និង​ទទឹង​មួយ​ឈើ​រង្វាស់។

6. បន្ទាប់​មក បុរស​នោះ​ទៅ​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ឡើង​តាម​ជណ្ដើរ។ លោក​វាស់​ក្រប​ខ្លោង​ទ្វារ ឃើញ​មាន​កំរាស់​មួយ​ឈើ​រង្វាស់។

7. បន្ទប់​តូចៗ​មាន​បណ្ដោយ​មួយ​ឈើ​រង្វាស់ ទទឹង​មួយ​ឈើ​រង្វាស់។ ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ មាន​ចន្លោះ​ប្រាំ​ហត្ថ។ ក្រប​ទ្វារ​ដែល​នៅ​ក្បែរ​ច្រក​ខ្លោង​ទ្វារ​ខាង​ក្នុង ក៏​មាន​កំរាស់​មួយ​ឈើ​រង្វាស់​ដែរ។

8. លោក​វាស់​បន្ទប់​ល្វែង ដែល​នៅ​ជាប់​នឹង​ខ្លោង​ទ្វារ​ខាង​ក្នុង​ឃើញ​មាន​ទទឹង​មួយ​ឈើ​រង្វាស់។

9. រីឯ​បណ្ដោយ​បន្ទប់​ល្វែង​នោះ លោក​វាស់​ទៅ​ឃើញ​មាន​ប្រវែង​ប្រាំ​បី​ហត្ថ ហើយ​សសរ​នីមួយៗ​មាន​កំរាស់​ពីរ​ហត្ថ។ បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​នោះ​ស្ថិត​នៅ​ខាង​ក្នុង។

10. ចំនួន​បន្ទប់​តូចៗ​នៅ​ខ្លោង​ទ្វារ​ខាង​កើត​មាន​ម្ខាង​បី និង​មាន​ទំហំ​ដូចៗ​គ្នា រីឯ​សសរ​ដែល​នៅ​សង​ខាង​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។

11. លោក​វាស់​ទទឹង​ខ្លោង​ទ្វារ ឃើញ​មាន​ប្រវែង​ដប់​ហត្ថ ហើយ​បណ្ដោយ​មាន​ដប់​បី​ហត្ថ។

12. នៅ​ពី​មុខ​បន្ទប់​តូចៗ​មាន​ប្រឡោះ​មួយ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ។ រីឯ​ជ្រុង​នីមួយៗ​របស់​បន្ទប់​តូចៗ​មាន​ប្រវែង​ប្រាំ​មួយ​ហត្ថ។

13. លោក​វាស់​ចុង​ជញ្ជាំង​ម្ខាង​នៃ​បន្ទប់ រហូត​ដល់​ចុង​ជញ្ជាំង​ម្ខាង​នៃ​បន្ទប់​មួយ​ទៀត​ដែល​នៅ​ទល់​មុខ​គ្នា ឃើញ​មាន​ប្រវែង​ម្ភៃ​ប្រាំ​ហត្ថ។

14. លោក​វាស់​បន្ទប់​ឃើញ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ។ មាន​ទី‌លាន​នៅ​ជុំ‌វិញ​បន្ទប់​នោះ។

15. ពី​ខ្លោង​ទ្វារ​ចូល​រហូត​ដល់​បន្ទប់​ល្វែង​នៅ​ជាប់​នឹង​ខ្លោង​ទ្វារ​ខាង​ក្នុង មាន​ប្រវែង​ហា‌សិប​ហត្ថ។

16. នៅ​តាម​បន្ទប់​តូចៗ​មាន​បង្អួច​ព័ទ្ធ​ជុំ‌វិញ បង្អួច​នោះ​ធ្វើ​ពី​ចម្រឹង​ដែក ហើយ​ក៏​មាន​សសរ​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​តាម​បន្ទប់​ល្វែង​ខាង​ក្នុង ក៏​មាន​បង្អួច​ធ្វើ​ពី​ចម្រឹង​ដែក​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​ជា​លំអ​ផង។

សូមអានជំពូកពេញលេញ អេសេ‌គាល 40