គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 4:7-17 Khmer Standard Version (KHSV)

7. អ្នក​ត្រូវ​សម្លឹង​ទៅ​រក​ក្រុង​យេរូ‌សាឡឹម ដែល​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​លើក​ដៃ​ប្រកាស​ប្រឆាំង​នឹង​ក្រុង​នេះ​ក្នុង​នាម​យើង។

8. យើង​នឹង​យក​ខ្សែ‌ពួរ​ចង​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​អាច​ប្រែ​ពី​ម្ខាង​ទៅ​ម្ខាង រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង។

9. ចូរ​យក​ម្សៅ‌មី អង្ករ កន្ទក់ សណ្ដែក គ្រាប់​ពោត និង​ល្ង មក​លាយ​ក្នុង​ចាន​តែ​មួយ ហើយ​ដុត​ធ្វើ​នំបុ័ង​សម្រាប់​បរិភោគ ក្នុង​រយៈ​ពេល​បី​រយ​កៅ‌សិប​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។

10. ក្នុង​អំឡុង​ពេល​នោះ អ្នក​ត្រូវ​បរិភោគ​អាហារ​នេះ​ដោយ​កម្រិត គឺ​មួយ​ថ្ងៃ​ពីរ​ខាំ​កន្លះ។

11. រីឯ​ទឹក​ក៏​ត្រូវ​កម្រិត​ដែរ គឺ​ក្នុង​អំឡុង​ពេល​នោះ មួយ​ថ្ងៃ​ផឹក​យ៉ាង​ច្រើន​មួយ​លីត្រ។

12. អ្នក​ត្រូវ​បរិភោគ​នំ​ធ្វើ​ពី​ម្សៅ​អង្ករ ដែល​អ្នក​យក​លាមក​របស់​មនុស្ស​មក​ប្រើ​សម្រាប់​ដុត​នំ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា»។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​យើង​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ក៏​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ»។

14. ខ្ញុំ​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ទូលបង្គំ​តែង​តែ​ចៀស‌វាង​អ្វីៗ​គ្រប់​យ៉ាង ដែល​ធ្វើ​ឲ្យ​មាន​សៅហ្មង គឺ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ ទូលបង្គំ​មិន​ធ្លាប់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​ឡើយ ហើយ​ទូលបង្គំ​ក៏​មិន​បរិភោគ​សាច់​សត្វ​មិន​បរិសុទ្ធ​ដែរ»។

15. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «បើ​ដូច្នេះ យើង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លាមក​គោ​ជំនួស​លាមក​មនុស្ស សម្រាប់​ដុត​នំបុ័ង»។

16. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ! យើង​នឹង​បំបាត់​នំបុ័ង​ឲ្យ​អស់​ពី​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​នឹង​បរិភោគ​អាហារ ដោយ​មាន​កម្រិត ទាំង​ព្រួយ​បារម្ភ ហើយ​ផឹក​ទឹក​ដោយ​វាល់ ទាំង​ខ្លោច‌ផ្សា។

17. ពួក​គេ​នឹង​ខ្វះ​អាហារ ខ្វះ​ទឹក ហើយ​ខ្លោច‌ផ្សា​ទាំង​អស់​គ្នា ពួក​គេ​នឹង​ត្រូវ​វិនាស ដោយ‌សារ​អំពើ​បាប​របស់​ខ្លួន»។

សូមអានជំពូកពេញលេញ អេសេ‌គាល 4