គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 39:12-20 Khmer Standard Version (KHSV)

12. កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ចំណាយ​ពេល​ប្រាំ‌ពីរ​ខែ សម្រាប់​បញ្ចុះ​សព​ពួក​គេ ដើម្បី​ជម្រះ​ស្រុក​ឲ្យ​បាន​បរិសុទ្ធ។

13. ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នឹង​បញ្ចុះ​សព​ពួក​គេ ហើយ​នៅ​ថ្ងៃ​យើង​សម្តែង​សិរី‌រុងរឿង ប្រជា‌ជន​ទាំង​នោះ​នឹង​ខ្ពស់​មុខ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

14. គេ​នឹង​យក​មនុស្ស​មួយ​ចំនួន​ទុក​ដោយ​ឡែក សម្រាប់​ចំណាយ​ពេល​ទាំង​ស្រុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក។ អ្នក​ទាំង​នោះ​ប្រមូល​សាក‌សព​ដែល​នៅ​សល់​ក្នុង​ស្រុក​យក​ទៅ​បញ្ចុះ ដោយ​មាន​អ្នក​ដំណើរ​ជួយ​ផង។ ពួក​គេ​ចំណាយ​ពេល​ប្រាំ‌ពីរ​ខែ ប្រមូល​សាក‌សព ដើម្បី​ជម្រះ​ទឹក​ដី​ឲ្យ​បាន​បរិសុទ្ធ។

15. ពេល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក បើ​មាន​នរណា​ម្នាក់​ឃើញ​ឆ្អឹង​ខ្មោច គេ​ដាក់​ថ្ម​ចំណាំ​នៅ​ក្បែរ​នោះ ទុក​ឲ្យ​ពួក​អ្នក​ជីក​រណ្ដៅ​មក​ប្រមូល​ទៅ​កប់​នៅ “ជ្រលង​ភ្នំ​កង‌ពល​ស្ដេច​កុក”។

16. “កង‌ពល” ក៏​ជា​ឈ្មោះ​របស់​ក្រុង​មួយ​ដែរ។ នេះ​ជា​របៀប​ដែល​គេ​ជម្រះ​ស្រុក។

17. ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ តោង​ប្រាប់​សត្វ​ស្លាប​គ្រប់​ប្រភេទ និង​សត្វ​ព្រៃ​ទាំង​អស់​ថា “ចូរ​ប្រមូល​គ្នា​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​ចូល​រួម​ក្នុង​ពិធី​យញ្ញ‌បូជា​របស់​យើង គឺ​ពិធី​យញ្ញ‌បូជា​យ៉ាង​ធំ ដែល​យើង​រៀបចំ​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់ ហើយ​ផឹក​ឈាម - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

18. អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​ទាហាន​ដ៏​អង់‌អាច ហើយ​ផឹក​ឈាម​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី ដែល​យើង​ធ្វើ​យញ្ញ‌បូជា​ជំនួស​ចៀម​ឈ្មោល កូន​ចៀម ពពែ​ឈ្មោល និង​គោ​បា​បំប៉ន​នៅ​ស្រុក​បាសាន។

19. ក្នុង​ពេល​យើង​ធ្វើ​យញ្ញ‌បូជា សម្រាប់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​ដ៏​ល្អៗ​រហូត​ដល់​ឆ្អែត‌ឆ្អន់ អ្នក​រាល់​គ្នា​ផឹក​ឈាម​រហូត​ដល់​ស្រវឹង។

20. ក្នុង​ពិធី​ជប់‌លៀង​របស់​យើង អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​សេះ ស៊ី​សាច់​ទាហាន ទ័ព​សេះ ទាហាន​ដ៏​អង់‌អាច និង​អ្នក​ចំបាំង​ទាំង​ប៉ុន្មាន”- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 39