12. កូនចៅអ៊ីស្រាអែលនឹងចំណាយពេលប្រាំពីរខែ សម្រាប់បញ្ចុះសពពួកគេ ដើម្បីជម្រះស្រុកឲ្យបានបរិសុទ្ធ។
13. ប្រជាជនទាំងមូលនៅក្នុងស្រុកនឹងបញ្ចុះសពពួកគេ ហើយនៅថ្ងៃយើងសម្តែងសិរីរុងរឿង ប្រជាជនទាំងនោះនឹងខ្ពស់មុខ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
14. គេនឹងយកមនុស្សមួយចំនួនទុកដោយឡែក សម្រាប់ចំណាយពេលទាំងស្រុងធ្វើដំណើរឆ្លងកាត់ស្រុក។ អ្នកទាំងនោះប្រមូលសាកសពដែលនៅសល់ក្នុងស្រុកយកទៅបញ្ចុះ ដោយមានអ្នកដំណើរជួយផង។ ពួកគេចំណាយពេលប្រាំពីរខែ ប្រមូលសាកសព ដើម្បីជម្រះទឹកដីឲ្យបានបរិសុទ្ធ។
15. ពេលអ្នកទាំងនោះធ្វើដំណើរឆ្លងកាត់ស្រុក បើមាននរណាម្នាក់ឃើញឆ្អឹងខ្មោច គេដាក់ថ្មចំណាំនៅក្បែរនោះ ទុកឲ្យពួកអ្នកជីករណ្ដៅមកប្រមូលទៅកប់នៅ “ជ្រលងភ្នំកងពលស្ដេចកុក”។
16. “កងពល” ក៏ជាឈ្មោះរបស់ក្រុងមួយដែរ។ នេះជារបៀបដែលគេជម្រះស្រុក។
17. ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និងសត្វព្រៃទាំងអស់ថា “ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីយញ្ញបូជារបស់យើង គឺពិធីយញ្ញបូជាយ៉ាងធំ ដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រាអែលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
18. អ្នករាល់គ្នានឹងស៊ីសាច់របស់ទាហានដ៏អង់អាច ហើយផឹកឈាមរបស់មេដឹកនាំទាំងឡាយនៅលើផែនដី ដែលយើងធ្វើយញ្ញបូជាជំនួសចៀមឈ្មោល កូនចៀម ពពែឈ្មោល និងគោបាបំប៉ននៅស្រុកបាសាន។