គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 39:1-11 Khmer Standard Version (KHSV)

1. «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​កុក​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុក​ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!

2. យើង​នឹង​បង្ខំ​អ្នក ហើយ​នាំ​អ្នក​ចាក​ចេញ​ពី​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង ឆ្ពោះ​មក​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល។

3. យើង​នឹង​វាយ​បំបាក់​ធ្នូ​ដែល​អ្នក​កាន់​នៅ​ដៃ​ឆ្វេង ហើយ​ជម្រុះ​ព្រួញ​ពី​ដៃ​ស្ដាំ​របស់​អ្នក។

4. អ្នក និង​ទាហាន ព្រម​ទាំង​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជា​មួយ​អ្នក នឹង​ដួល​ស្លាប់​នៅ​លើ​ភ្នំ​អ៊ីស្រា‌អែល ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​សាហាវ ត្មាត និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ។

5. អ្នក​នឹង​ដួល​ស្លាប់​នៅ​តាម​ទី​វាល ដូច​យើង​បាន​ថ្លែង​ទុក​ស្រាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

6. យើង​នឹង​បញ្ជូន​ភ្លើង​ទៅ​បញ្ឆេះ​ស្រុក​ម៉ាកុក និង​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ​តាម​កោះ​នានា ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់។

7. យើង​នឹង​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ស្គាល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រមាថ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

8. មើល៍​ហេតុ‌ការណ៍​ទាំង​នោះ គឺ​ថ្ងៃ​ដែល​យើង​បាន​ប្រកាស​ទុក កំពុង​តែ​សម្រេច​ជា​រូប​រាង​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

9. ពេល​នោះ ប្រជា‌ជន​របស់​ក្រុង​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​នឹង​នាំ​គ្នា​ចេញ​ទៅ​ដុត​កម្ទេច​គ្រឿង​អាវុធ និង​ខែល​តូច​ធំ ព្រម​ទាំង​ស្ន និង​លំពែង។ ពួក​គេ​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​នោះ​សម្រាប់​ដុត​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ

10. គឺ​ពួក​គេ​មិន​យក​ឈើ​ពី​ទី​វាល ឬ​កាប់​ដើម​ឈើ​ពី​ព្រៃ មក​ធ្វើ​ជា​អុស​ឡើយ ដ្បិត​ពួក​គេ​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​នោះ ដើម្បី​ដុត។ ពួក​គេ​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ធ្វើ​ជា​ឈ្លើយ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ពី​អស់​អ្នក​ដែល​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​នោះ​មក​វិញ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

11. នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រគល់​កន្លែង​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល សម្រាប់​បញ្ចុះ​សព​ស្ដេច​កុក គឺ​នៅ​ជ្រលង​ភ្នំ អ្នក​ដំណើរ​ដែល​ស្ថិត​នៅ​ខាង​កើត​សមុទ្រ។ គេ​នឹង​បញ្ចុះ​សព​ស្ដេច​កុក និង​ពល​ទ័ព​ដ៏​ច្រើន​របស់​ខ្លួន​នៅ​ទី​នោះ ហើយ​ឃាំង​ផ្លូវ​អ្នក​ដំណើរ​មិន​ឲ្យ​ឆ្លង​កាត់​តាម​នោះ​ទៀត។ គេ​នឹង​ដាក់​ឈ្មោះ​ជ្រលង​ភ្នំ​នោះ​ថា “ជ្រលង​ភ្នំ​កង‌ពល​ស្ដេច​កុក”។

សូមអានជំពូកពេញលេញ អេសេ‌គាល 39