ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 39 Khmer Standard Version (KHSV)

បរា‌ជ័យ​របស់​ស្ដេច​កុក

1. «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​កុក​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុក​ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!

2. យើង​នឹង​បង្ខំ​អ្នក ហើយ​នាំ​អ្នក​ចាក​ចេញ​ពី​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង ឆ្ពោះ​មក​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល។

3. យើង​នឹង​វាយ​បំបាក់​ធ្នូ​ដែល​អ្នក​កាន់​នៅ​ដៃ​ឆ្វេង ហើយ​ជម្រុះ​ព្រួញ​ពី​ដៃ​ស្ដាំ​របស់​អ្នក។

4. អ្នក និង​ទាហាន ព្រម​ទាំង​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជា​មួយ​អ្នក នឹង​ដួល​ស្លាប់​នៅ​លើ​ភ្នំ​អ៊ីស្រា‌អែល ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​សាហាវ ត្មាត និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ។

5. អ្នក​នឹង​ដួល​ស្លាប់​នៅ​តាម​ទី​វាល ដូច​យើង​បាន​ថ្លែង​ទុក​ស្រាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

6. យើង​នឹង​បញ្ជូន​ភ្លើង​ទៅ​បញ្ឆេះ​ស្រុក​ម៉ាកុក និង​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ​តាម​កោះ​នានា ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់។

7. យើង​នឹង​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ស្គាល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រមាថ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

8. មើល៍​ហេតុ‌ការណ៍​ទាំង​នោះ គឺ​ថ្ងៃ​ដែល​យើង​បាន​ប្រកាស​ទុក កំពុង​តែ​សម្រេច​ជា​រូប​រាង​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

9. ពេល​នោះ ប្រជា‌ជន​របស់​ក្រុង​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​នឹង​នាំ​គ្នា​ចេញ​ទៅ​ដុត​កម្ទេច​គ្រឿង​អាវុធ និង​ខែល​តូច​ធំ ព្រម​ទាំង​ស្ន និង​លំពែង។ ពួក​គេ​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​នោះ​សម្រាប់​ដុត​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ

10. គឺ​ពួក​គេ​មិន​យក​ឈើ​ពី​ទី​វាល ឬ​កាប់​ដើម​ឈើ​ពី​ព្រៃ មក​ធ្វើ​ជា​អុស​ឡើយ ដ្បិត​ពួក​គេ​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​នោះ ដើម្បី​ដុត។ ពួក​គេ​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ធ្វើ​ជា​ឈ្លើយ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ពី​អស់​អ្នក​ដែល​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​នោះ​មក​វិញ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

11. នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រគល់​កន្លែង​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល សម្រាប់​បញ្ចុះ​សព​ស្ដេច​កុក គឺ​នៅ​ជ្រលង​ភ្នំ អ្នក​ដំណើរ​ដែល​ស្ថិត​នៅ​ខាង​កើត​សមុទ្រ។ គេ​នឹង​បញ្ចុះ​សព​ស្ដេច​កុក និង​ពល​ទ័ព​ដ៏​ច្រើន​របស់​ខ្លួន​នៅ​ទី​នោះ ហើយ​ឃាំង​ផ្លូវ​អ្នក​ដំណើរ​មិន​ឲ្យ​ឆ្លង​កាត់​តាម​នោះ​ទៀត។ គេ​នឹង​ដាក់​ឈ្មោះ​ជ្រលង​ភ្នំ​នោះ​ថា “ជ្រលង​ភ្នំ​កង‌ពល​ស្ដេច​កុក”។

12. កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ចំណាយ​ពេល​ប្រាំ‌ពីរ​ខែ សម្រាប់​បញ្ចុះ​សព​ពួក​គេ ដើម្បី​ជម្រះ​ស្រុក​ឲ្យ​បាន​បរិសុទ្ធ។

13. ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នឹង​បញ្ចុះ​សព​ពួក​គេ ហើយ​នៅ​ថ្ងៃ​យើង​សម្តែង​សិរី‌រុងរឿង ប្រជា‌ជន​ទាំង​នោះ​នឹង​ខ្ពស់​មុខ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

14. គេ​នឹង​យក​មនុស្ស​មួយ​ចំនួន​ទុក​ដោយ​ឡែក សម្រាប់​ចំណាយ​ពេល​ទាំង​ស្រុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក។ អ្នក​ទាំង​នោះ​ប្រមូល​សាក‌សព​ដែល​នៅ​សល់​ក្នុង​ស្រុក​យក​ទៅ​បញ្ចុះ ដោយ​មាន​អ្នក​ដំណើរ​ជួយ​ផង។ ពួក​គេ​ចំណាយ​ពេល​ប្រាំ‌ពីរ​ខែ ប្រមូល​សាក‌សព ដើម្បី​ជម្រះ​ទឹក​ដី​ឲ្យ​បាន​បរិសុទ្ធ។

15. ពេល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក បើ​មាន​នរណា​ម្នាក់​ឃើញ​ឆ្អឹង​ខ្មោច គេ​ដាក់​ថ្ម​ចំណាំ​នៅ​ក្បែរ​នោះ ទុក​ឲ្យ​ពួក​អ្នក​ជីក​រណ្ដៅ​មក​ប្រមូល​ទៅ​កប់​នៅ “ជ្រលង​ភ្នំ​កង‌ពល​ស្ដេច​កុក”។

16. “កង‌ពល” ក៏​ជា​ឈ្មោះ​របស់​ក្រុង​មួយ​ដែរ។ នេះ​ជា​របៀប​ដែល​គេ​ជម្រះ​ស្រុក។

17. ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ តោង​ប្រាប់​សត្វ​ស្លាប​គ្រប់​ប្រភេទ និង​សត្វ​ព្រៃ​ទាំង​អស់​ថា “ចូរ​ប្រមូល​គ្នា​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​ចូល​រួម​ក្នុង​ពិធី​យញ្ញ‌បូជា​របស់​យើង គឺ​ពិធី​យញ្ញ‌បូជា​យ៉ាង​ធំ ដែល​យើង​រៀបចំ​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់ ហើយ​ផឹក​ឈាម - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

18. អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​ទាហាន​ដ៏​អង់‌អាច ហើយ​ផឹក​ឈាម​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី ដែល​យើង​ធ្វើ​យញ្ញ‌បូជា​ជំនួស​ចៀម​ឈ្មោល កូន​ចៀម ពពែ​ឈ្មោល និង​គោ​បា​បំប៉ន​នៅ​ស្រុក​បាសាន។

19. ក្នុង​ពេល​យើង​ធ្វើ​យញ្ញ‌បូជា សម្រាប់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​ដ៏​ល្អៗ​រហូត​ដល់​ឆ្អែត‌ឆ្អន់ អ្នក​រាល់​គ្នា​ផឹក​ឈាម​រហូត​ដល់​ស្រវឹង។

20. ក្នុង​ពិធី​ជប់‌លៀង​របស់​យើង អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​សេះ ស៊ី​សាច់​ទាហាន ទ័ព​សេះ ទាហាន​ដ៏​អង់‌អាច និង​អ្នក​ចំបាំង​ទាំង​ប៉ុន្មាន”- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

21. យើង​នឹង​សម្តែង​សិរី‌រុងរឿង​របស់​យើង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ឃើញ​ថា​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ដោយ​ដៃ​របស់​យើង​ផ្ទាល់។

22. ចាប់​ពី​ថ្ងៃ​នោះ​ត​ទៅ​អនាគត កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។

23. ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ទទួល​ស្គាល់​ថា កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដូច្នេះ ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​ក្បត់​ចិត្ត​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​លែង​រវី‌រវល់​នឹង​ពួក​គេ យើង​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់ ដោយ​មុខ​ដាវ។

24. យើង​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​សៅហ្មង និង​អំពើ​ទុច្ចរិត​របស់​ពួក​គេ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទៀត​ហើយ»។

25. ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​នឹង​ស្ដារ​ស្រុក​យូដា​ឡើង​វិញ យើង​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​យើង​មិន​ទុក​ឲ្យ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​នៅ​អាប់‌អោន​ដូច្នេះ​ឡើយ។

26. ពេល​នោះ ពួក​គេ​នឹង​លែង​នឹក​ឃើញ​ភាព​អាម៉ាស់ និង​ការ​មិន​ស្មោះ​ត្រង់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​យើង ហើយ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដោយ​សុខ‌សាន្ត ឥត​មាន​នរណា​ធ្វើ​ទុក្ខ​ពួក​គេ​ឡើយ។

27. យើង​នឹង​សម្តែង​ភាព​វិសុទ្ធ​របស់​យើង​តាម​រយៈ​ពួក​គេ នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង​អស់ ដោយ​នាំ​ពួក​គេ​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា និង​ប្រមូល​ពួក​គេ​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​មក​វិញ។

28. ពេល​នោះ មនុស្ស‌ម្នា​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​បាន​បំបរ‌បង់​ពួក​គេ ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​យើង​ក៏​បាន​ប្រមូល​ផ្ដុំ​ពួក​គេ ឲ្យ​មក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ​ដែរ គឺ​យើង​មិន​បោះ​បង់​ចោល​នរណា​ម្នាក់​ក្នុង​ស្រុក​ដទៃ​ឡើយ។

29. យើង​មិន​លាក់​មុខ​នឹង​ពួក​គេ​ទៀត​ទេ ដ្បិត​យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​កូន​ចៅ​អ៊ីស្រា‌អែល» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។