គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 38:10-21 Khmer Standard Version (KHSV)

10. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​គ្រា​នោះ អ្នក​នឹង​មាន​ចិត្ត​អួត​បំប៉ោង ហើយ​រៀបចំ​ផែន‌ការ​អាក្រក់។

11. អ្នក​ពោល​ថា “ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក​ដែល​គ្មាន​នរណា​ការពារ ខ្ញុំ​នឹង​វាយ​ប្រហារ​អ្នក​ស្រុក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ ហើយ​ក្រុង​របស់​គេ​គ្មាន​កំពែង គ្មាន​ទ្វារ ឬ​រនុក​ឡើយ។

12. ខ្ញុំ​នឹង​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​របស់​ពួក​គេ ខ្ញុំ​នឹង​ចាប់​យក​ស្រុក​ដែល​ពី​មុន​ជា​គំនរ​បាក់​បែក តែ​ឥឡូវ​នេះ មាន​ប្រជា‌ជន​រស់​នៅ គឺ​ប្រជា‌ជន​ដែល​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា ពួក​គេ​មាន​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ ហើយ​រស់​នៅ​ចំ​កណ្ដាល​ផែនដី”។

13. ជន‌ជាតិ​សេបា ជន‌ជាតិ​ដេដាន់ អ្នក​ជំនួញ​ពី​ស្រុក​តើស៊ីស និង​មេ​ដឹក​នាំ​របស់​ពួក​គេ​នឹង​ពោល​មក​អ្នក​ថា “តើ​ព្រះ‌រាជា​យាង​មក​ចាប់​យក​ជយ‌ភ័ណ្ឌ​ឬ? តើ​ព្រះ‌រាជា​លើក​កង‌ទ័ព​មក​យ៉ាង​ច្រើន​ដូច្នេះ ដើម្បី​ប្លន់​ស្រុក​នេះ រឹប‌អូស​យក​មាស​ប្រាក់ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ដែល​ជា​ជយ‌ភ័ណ្ឌ​ដ៏​ច្រើន​ឬ?”»។

14. កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ស្ដេច​កុក​ដូច​ត​ទៅ៖ «ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​ថ្ងៃ​ដែល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នោះ អ្នក​ក៏​បាន​ទទួល​ដំណឹង

15. ហើយ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង អ្នក​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា​ជិះ​សេះ​មក

16. ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក​វាយ​ប្រហារ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន នៅ​គ្រា​អវសាន‌កាល​នៃ​ពិភព​លោក។ កុក​អើយ យើង​នឹង​នាំ​អ្នក​មក​វាយ​លុក​ស្រុក​របស់​យើង។ ពេល​ណា​យើង​បង្ហាញ​ភាព​ដ៏‌វិសុទ្ធ​របស់​យើង តាម​រយៈ​អ្នក នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ នោះ​ពួក​គេ​នឹង​ស្គាល់​យើង»។

17. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពី​ដើម យើង​បាន​និយាយ​អំពី​អ្នក តាម​រយៈ​អ្នក​បម្រើ​របស់​យើង គឺ​ពួក​ព្យាការី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នៅ​គ្រា​នោះ ពួក​គេ​បាន​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ជា​ច្រើន​ឆ្នាំ​ថា យើង​នឹង​នាំ​អ្នក​មក​វាយ​ប្រហារ​ប្រជា‌រាស្ត្រ​របស់​យើង។

18. ក៏​ប៉ុន្តែ នៅ​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​កុក​មក​វាយ​លុក​ទឹក​ដី​អ៊ីស្រា‌អែល យើង​ក្ដៅ​ចិត្ត​ជា​ខ្លាំង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

19. ដោយ​ចិត្ត​ប្រច័ណ្ឌ និង​ដោយ​ចិត្ត​ឆេះ‌ឆួល​យើង​ក៏​ប្រកាស​ថា នៅ​ថ្ងៃ​នោះ​មុខ​ជា​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​នៅ​ស្រុក​អ៊ីស្រា‌អែល។

20. ត្រី​នៅ​ក្នុង​សមុទ្រ បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ សត្វ​ព្រៃ សត្វ​លូន​វារ និង​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​លើ​ផែនដី នឹង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​យើង។ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រលាយ រីឯ​ផ្ទាំង​ថ្ម ព្រម​ទាំង​កំពែង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​រលំ​ដែរ។

21. យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​កាប់​សម្លាប់​គ្នា ក្នុង​ជួរ​ទ័ព​របស់​ស្ដេច​កុក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ពេល​នោះ ម្នាក់ៗ​នឹង​លើក​ដាវ​កាប់​បង‌ប្អូន​របស់​ខ្លួន។

សូមអានជំពូកពេញលេញ អេសេ‌គាល 38