គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 36:8-25 Khmer Standard Version (KHSV)

8. រីឯ​ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ដើម​ឈើ​របស់​អ្នក​រាល់​គ្នា​នឹង​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​សម្រាប់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។

9. យើង​បែរ​មក​រក​អ្នក​រាល់​គ្នា យើង​កាន់​ខាង​អ្នក​រាល់​គ្នា។ មាន​គេ​ភ្ជួរ​រាស់​អ្នក និង​សាប​ព្រោះ​ឡើង​វិញ។

10. យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល។ ក្រុង​ទាំង‌ឡាយ​នឹង​មាន​មនុស្ស​រស់​នៅ ហើយ​កន្លែង​បាក់​បែក​ទាំង‌ឡាយ ក៏​នឹង​ត្រូវ​សង់​ឡើង​វិញ​ដែរ។

11. យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស និង​ហ្វូង​សត្វ​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង ហើយ​បង្កើត​កូន​ពូន​ជា​ចៅ។ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​មាន​ចំនួន​ច្រើន ដូច​កាល​ពី​មុន យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន​លើស​ពី​មុន​ទៅ​ទៀត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។

12. អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ និង​ជា​កេរ‌មត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។

13. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «គេ​តែង​ពោល​ថា “ស្រុក​នេះ​បំផ្លាញ​ជីវិត​មនុស្ស​ស្រុក​នេះ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​ខ្លួន​បាត់​បង់​កូន​ចៅ”។

14. ប៉ុន្តែ ពី​ពេល​នេះ​ទៅ​មុខ អ្នក​លែង​បំផ្លាញ​ជីវិត​មនុស្ស អ្នក​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​បាត់​បង់​កូន​ចៅ​ទៀត​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

15. យើង​នឹង​លែង​ឲ្យ​ប្រជា‌ជាតិ​នានា​ប្រមាថ​មាក់‌ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

17. «កូន​មនុស្ស​អើយ ពេល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​ឡើយ ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​អាក្រក់ និង​មារយាទ​ថោក​ទាប​របស់​ពួក​គេ។ យើង​ចាត់​ទុក​មារយាទ​របស់​ពួក​គេ​ថា មិន​បរិសុទ្ធ ដូច​ស្ត្រី​ក្នុង​គ្រា​មាន​សៅហ្មង​ដែរ។

18. ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ​ការ​បង្ហូរ​ឈាម និង​ការ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ។

19. យើង​បាន​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​បំបែក​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​នានា។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​អាក្រក់ និង​តាម​មារយាទ​ថោក​ទាប​របស់​ខ្លួន។

20. ពេល​ទៅ​ដល់​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ពួក​គេ​បាន​បង្អាប់‌បង្អោន​នាម​ដ៏‌វិសុទ្ធ​របស់​យើង ហើយ​ម្ចាស់​ស្រុក​និយាយ​អំពី​ពួក​គេ​ថា “ពួក​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​របស់​ព្រះ‌អង្គ​មក”។

21. យើង​ចង់​រក្សា​នាម​ដ៏‌វិសុទ្ធ​របស់​យើង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បង្អាប់‌បង្អោន​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ។

22. ហេតុ​នេះ ចូរ​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ថា: ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ! យើង​ធ្វើ​ដូច្នេះ​មិន​មែន​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា គឺ​យល់​ដល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ជា​មួយ។

23. យើង​នឹង​សម្តែង​បារមី​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏‌វិសុទ្ធ*​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សម្តែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

24. យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។

25. យើង​នឹង​ប្រោះ​ទឹក​ដ៏​បរិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ* ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។

សូមអានជំពូកពេញលេញ អេសេ‌គាល 36