គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 36:24-38 Khmer Standard Version (KHSV)

24. យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។

25. យើង​នឹង​ប្រោះ​ទឹក​ដ៏​បរិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ* ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។

26. យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ដាក់​វិញ្ញាណ​ថ្មី​ក្នុង​អ្នក​រាល់​គ្នា។ យើង​នឹង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​អ្នក​រាល់​គ្នា រួច​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ​វិញ។

27. យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ធ្វើ​តាម​ច្បាប់ ហើយ​កាន់​តាម​វិន័យ​របស់​យើង។

28. អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

29. យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​អំពើ​សៅហ្មង​គ្រប់​យ៉ាង យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ស្រូវ​យ៉ាង​ច្រើន​បរិបូណ៌ គឺ​មិន​ឲ្យ​មាន​ទុរ្ភិក្ស​ទៀត​ទេ។

30. យើង​នឹង​ធ្វើ​ឲ្យ​ដើម​ឈើ និង​ស្រែ​ចម្ការ​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រង​គ្រោះ​ដោយ​ទុរ្ភិក្ស និង​ត្រូវ​អាម៉ាស់​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​នានា។

31. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយា‌មារយាទ​អាក្រក់ និង​អំពើ​មិន​គួរ​គប្បី ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន ហើយ​អ្នក​រាល់​គ្នា​នឹង​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​បាប និង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។

32. តោង​ដឹង​ថា យើង​ធ្វើ​ដូច្នេះ​មិន​មែន​មក​ពី​យល់​ដល់​អ្នក​រាល់​គ្នា​ទេ! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ខ្មាស និង​អៀន​ខ្លួន​ចំពោះ​កិរិយា‌មារយាទ​របស់​ខ្លួន​ទៅ!” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។

33. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​បរិសុទ្ធ រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ហើយ យើង​នឹង​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​សា​ជា​ថ្មី​ក្នុង​ក្រុង​នានា ហើយ​គេ​នឹង​សង់​ផ្ទះ​នៅ​ត្រង់​កន្លែង​បាក់​បែក​នោះ​ឡើង​វិញ។

34. ដី​ដែល​គេ​បោះ​បង់​ចោល​នឹង​មាន​ដំណាំ​ដុះ​សា​ជា​ថ្មី អស់​អ្នក​ដើរ​កាត់​តាម​នោះ​នឹង​លែង​ឃើញ​ដី​ដែល​គេ​បោះ​បង់​ចោល​ទៀត​ហើយ។

35. ពួក​គេ​នឹង​ពោល​ថា ស្រុក​ដែល​គេ​បោះ​បង់​ចោល​នេះ ត្រឡប់​ជា​មាន​សោភណ‌ភាព​ដូច​សួន​ឧទ្យាន​អេដែន ក្រុង​ដែល​បាក់​បែក ហើយ​ស្ងាត់​ជ្រងំ​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ ដោយ​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​មាន​ប្រជា‌ជន​រស់​នៅ​ផង។

36. ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ អ្វីៗ​ដែល​បាក់​បែក យើង​នឹង​សង់​ឡើង​វិញ ហើយ​យើង​ក៏​ដាំ​ដំណាំ​សា​ជា​ថ្មី នៅ​លើ​ដី​ដែល​គេ​បោះ​បង់​ដែរ»។ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ធ្វើ​យ៉ាង​នោះ។

37. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ទុក​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ហៅ​រក​យើង​ត​ទៅ​ទៀត យើង​នឹង​ជួយ​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង។

38. ក្រុង​នានា​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក នឹង​មាន​មនុស្ស​រស់​នៅ​យ៉ាង​ច្រើន ដូច​ចំនួន​សត្វ​ដែល​គេ​នាំ​យក​ទៅ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​កាល​ពី​ដើម។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

សូមអានជំពូកពេញលេញ អេសេ‌គាល 36