គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 36:1-7 Khmer Standard Version (KHSV)

1. កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ភ្នំ​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រា‌អែល​ដូច​ត​ទៅ:ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

2. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​ចំអក​ឲ្យ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ!”។

3. ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​បំផ្លាញ និង​ត្របាក់​លេប​អ្នក​រាល់​គ្នា​ពី​គ្រប់​ទិស‌ទី អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រជា‌ជាតិ​នានា ពួក​គេ​យក​រឿង​អ្នក​ទៅ​និយាយ​លេង​សើច​ជា​មួយ​គ្នា។

4. ហេតុ​នេះ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ភ្នំ​តូច​ភ្នំ​ធំ ជ្រលង​ដង​អូរ ហើយ​ក្រុង​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្រុង​ដែល​គេ​បោះ​បង់​ចោល​អើយ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នាំ​គ្នា​ប្លន់​កម្ទេច និង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក។

5. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។

6. ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ទឹក​ដី​អ៊ីស្រា‌អែល! ចូរ​ប្រាប់​ភ្នំ​តូច ភ្នំ​ធំ និង​ជ្រលង​ដង​អូរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​និយាយ​ដោយ​ចិត្ត​ស្រឡាញ់​ដ៏​លើស‌លប់​ចំពោះ​អ្នក ហើយ​ដោយ​កំហឹង​ដ៏​ខ្លាំង​ដែរ ព្រោះ​ប្រជា‌ជាតិ​នានា​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់។

7. ហេតុ​នេះ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​លើក​ដៃ​សន្យា​យ៉ាង​ឱឡា‌រិក​ថា ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​យក​ការ​អាម៉ាស់​នោះ​មិន​ខាន!

សូមអានជំពូកពេញលេញ អេសេ‌គាល 36