គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 34:9-17 Khmer Standard Version (KHSV)

9. ហេតុ​នេះ អ្នក​ដឹក​នាំ​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

10. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គង្វាល​ទាំង​នោះ យើង​នឹង​ដក​ហ្វូង​ចៀម​យើង​ចេញ​ពី​កណ្ដាប់​ដៃ​របស់​គេ​មក​វិញ។ យើង​នឹង​លែង​ឲ្យ​ពួក​គេ​ឃ្វាល​ហ្វូង​ចៀម​របស់​យើង ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ហើយ យើង​នឹង​បេះ​ហ្វូង​ចៀម​របស់​យើង​ពី​មាត់​គេ លែង​ឲ្យ​គេ​ស៊ី​ដូច​មុន​ទៀត»។

11. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ហើយ​មើល​ថែ​ទាំ​វា​ដោយ​យើង​ផ្ទាល់។

12. យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ដូច​គង្វាល​តាម​រក​ហ្វូង​ចៀម​របស់​ខ្លួន​ដែល​បែក‌ខ្ញែក​ដែរ។ យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ នៅ​ថ្ងៃ​មេឃ​ងងឹត និង​ចុះ​អាប់។

13. យើង​នឹង​នាំ​ប្រជា‌ជន​របស់​យើង​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ស្រុក ឲ្យ​មក​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ យើង​នឹង​ឃ្វាល​ពួក​គេ​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល តាម​ជ្រលង​ដង​អូរ និង​គ្រប់​ទី​កន្លែង​ដែល​អាច​រស់​នៅ​បាន។

14. យើង​នឹង​ឃ្វាល​ចៀម​របស់​យើង​នៅ​កន្លែង​ដែល​សម្បូណ៌​ស្មៅ​ខៀវ​ខ្ចី ពួក​គេ​នឹង​ស្នាក់​អាស្រ័យ​នៅ​តាម​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល។ នៅ​ទី​នោះ​ពួក​គេ​នឹង​សម្រាក ហើយ​រក​ស៊ី​តាម​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។

15. យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង យើង​នឹង​ឲ្យ​វា​សម្រាក - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

16. យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​ឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​ឲ្យ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​ឲ្យ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំ‌មួន យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។

17. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ជា​ចៀម​របស់​យើង​អើយ បន្តិច​ទៀត​យើង​វិនិច្ឆ័យ​រវាង​ចៀម​នឹង​ចៀម រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល។

សូមអានជំពូកពេញលេញ អេសេ‌គាល 34