គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 33:8-16 Khmer Standard Version (KHSV)

8. ពេល​ណា​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “នែ៎ មនុស្ស​អាក្រក់ អ្នក​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​មនុស្ស​អាក្រក់​នោះ​ឲ្យ​លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​ទេ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ក៏​ប៉ុន្តែ យើង​នឹង​ឲ្យ​អ្នក​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។

9. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ប្រាប់​មនុស្ស​អាក្រក់​ឲ្យ​លះ‌បង់​ចោល​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​ព្រម​លះ‌បង់​ទេ​នោះ គេ​ពិត​ជា​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​គេ​ពុំ‌ខាន រីឯ​អ្នក​វិញ អ្នក​នឹង​រួច​ជីវិត។

10. កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​តែង​ពោល​ថា “អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ​សង្កត់​លើ​យើង​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​កាន់​តែ​រីង‌រៃ​ទៅៗ តើ​ធ្វើ​ម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​រស់​រាន​មាន​ជីវិត​បាន?”

11. ចូរ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ តែ​យើង​ចង់​ឃើញ​គេ​កែ​ប្រែ​កិរិយា‌មារយាទ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ចូរ​លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​ទៅ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

12. កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​របស់​អ្នក​ថា: នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ អំពើ​សុចរិត​ដែល​គេ​ធ្លាប់​ធ្វើ​កាល​ពី​មុន ពុំ​អាច​សង្គ្រោះ​គេ​ឡើយ។ ហេតុ​នេះ នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​បាប គេ​ពុំ​អាច​រស់ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន​ឡើយ។ រីឯ​មនុស្ស​អាក្រក់​វិញ នៅ​ថ្ងៃ​ដែល​គេ​លះ‌បង់​ចោល​អំពើ​អាក្រក់ នោះ​គេ​នឹង​មិន​ទទួល​ទោស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាល​ពី​មុន​នោះ​ឡើយ។

13. ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​សុចរិត​ថា “អ្នក​ពិត​ជា​រស់!” បើ​អ្នក​នោះ​ពឹង​ផ្អែក​លើ​សេចក្ដី​សុចរិត​របស់​ខ្លួន រួច​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ នោះ​គេ​មុខ​ជា​ស្លាប់ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត យើង​នឹង​មិន​គិត‌គូរ​ដល់​អំពើ​សុចរិត​ណា​មួយ​របស់​អ្នក​នោះ​ឡើយ។

14. ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​ពិត​ជា​ស្លាប់!” តែ​បើ​អ្នក​នោះ​លះ‌បង់​ចោល​អំពើ​បាប បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌

15. បើ​មនុស្ស​អាក្រក់​សង​របស់​បញ្ចាំ សង​អ្វីៗ​ដែល​ខ្លួន​រឹប​អូស​ទៅ​ម្ចាស់​ដើម​វិញ ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ច្បាប់​ដែល​ផ្ដល់​ជីវិត ដោយ​ឥត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​នោះ គេ​មុខ​ជា​រស់ គឺ​មិន​ស្លាប់​ឡើយ។

16. យើង​នឹង​មិន​គិត‌គូរ​ដល់​អំពើ​អាក្រក់​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ទេ។ គេ​ពិត​ជា​រស់​មិន​ខាន ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។

សូមអានជំពូកពេញលេញ អេសេ‌គាល 33