27. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅសល់ក្នុងទីក្រុងបាក់បែក នឹងត្រូវស្លាប់ដោយមុខដាវ រីឯអ្នករស់នៅតាមស្រុកស្រែ យើងនឹងប្រគល់គេទៅឲ្យសត្វសាហាវធ្វើជាអាហារ ហើយអ្នកដែលពួននៅតាមភ្នំ និងតាមក្រហែងថ្ម នឹងត្រូវស្លាប់ដោយជំងឺរាតត្បាត។
28. យើងនឹងធ្វើឲ្យស្រុកនោះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ អំណាចអួតអាងរបស់ពួកគេនឹងរលាយសូន្យ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលក្លាយទៅជាទីស្ងាត់ជ្រងំ គ្មាននរណាដើរកាត់តាមនោះឡើយ។
29. ពេលណាយើងធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលពួកគេបានប្រព្រឹត្ត ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
30. កូនមនុស្សអើយ ប្រជាជនរបស់អ្នកនាំគ្នានិយាយពីអ្នកនៅតាមកំពែងក្រុង និងតាមមាត់ទ្វារផ្ទះ ពួកគេបបួលគ្នាថា “មក! យើងទៅស្ដាប់សេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល”។
31. ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។