គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 33:18-29 Khmer Standard Version (KHSV)

18. ប្រសិន​បើ​មនុស្ស​សុចរិត​លះ‌បង់​ចោល​អំពើ​សុចរិត បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​មុខ​ជា​ស្លាប់​ពុំ‌ខាន។

19. ប្រសិន​បើ​មនុស្ស​អាក្រក់​លះ‌បង់​ចោល​អំពើ​អាក្រក់ បែរ​មក​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ គេ​មុខ​ជា​រស់ ព្រោះ​តែ​ធ្វើ​ដូច្នេះ។

20. អ្នក​រាល់​គ្នា​តែង​ពោល​ថា “ព្រះ‌អម្ចាស់ ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ”។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត!»។

21. នៅ​ឆ្នាំ​ទី​ដប់‌ពីរ ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ដែល​គេ​កៀរ​ពួក​យើង​មក​ជា​ឈ្លើយ មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡឹម​មក​ជួប​ខ្ញុំ ប្រាប់​ថា “សត្រូវ​វាយ​យក​បាន​ទីក្រុង​ហើយ!”។

22. មុន​ពេល​អ្នក​នោះ​មក​ដល់ នៅ​ពេល​ល្ងាច​ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។ លុះ​ព្រលឹម​ឡើង ពេល​អ្នក​នោះ​មក​ដល់ ព្រះ‌អម្ចាស់​បើក​ឲ្យ​ខ្ញុំ​និយាយ​ឡើង​វិញ​បាន។ ព្រះ‌អង្គ​បើក​មាត់​ខ្ញុំ​ឲ្យ​និយាយ​ស្ដី គឺ​ខ្ញុំ​លែង​គ​ទៀត​ហើយ។

23. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

24. «កូន​មនុស្ស​អើយ អស់​អ្នក​ដែល​រស់​លើ​គំនរ​បាក់​បែក ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល នាំ​គ្នា​ពោល​ថា: “កាល​លោក​អប្រាហាំ​នៅ​តែ​ម្នាក់​ឯង លោក​កាន់​កាប់​ស្រុក​នេះ​បាន​ទៅ​ហើយ ចុះ​ចំណង់​បើ​ពួក​យើង​ដែល​មាន​គ្នា​ច្រើន តើ​ពួក​យើង​ទទួល​ស្រុក​នេះ​មក​កាន់​កាប់​មិន​បាន​ឬ!”។

25. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បរិភោគ​សាច់​ដែល​មាន​ជាប់​ឈាម អ្នក​រាល់​គ្នា​គោរព​ព្រះ​ក្លែង‌ក្លាយ ហើយ​បង្ហូរ​ឈាម​មនុស្ស តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​កាន់​កាប់​ស្រុក​នេះ​បាន​ឬ?

26. អ្នក​រាល់​គ្នា​ពឹង​ផ្អែក​លើ​អាវុធ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​គេ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​កាន់​កាប់​ស្រុក​នេះ​បាន​ឬ?

27. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​សល់​ក្នុង​ទីក្រុង​បាក់​បែក នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​រស់​នៅ​តាម​ស្រុក​ស្រែ យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​សត្វ​សាហាវ​ធ្វើ​ជា​អាហារ ហើយ​អ្នក​ដែល​ពួន​នៅ​តាម​ភ្នំ និង​តាម​ក្រហែង​ថ្ម នឹង​ត្រូវ​ស្លាប់​ដោយ​ជំងឺ​រាត‌ត្បាត។

28. យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ អំណាច​អួត‌អាង​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ឡើយ។

29. ពេល​ណា​យើង​ធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

សូមអានជំពូកពេញលេញ អេសេ‌គាល 33