1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ ចូរថ្លែងប្រាប់ប្រជាជនរបស់អ្នកថា ពេលយើងនាំសង្គ្រាមមកប្រហារស្រុកណាមួយ ប្រជាជននៅស្រុកនោះជ្រើសរើសយកនរណាម្នាក់ក្នុងចំណោមពួកគេ ឲ្យធ្វើជាអ្នកយាមល្បាត។
3. ពេលណាអ្នកយាមឃើញកងទ័ពខ្មាំងចូលមកវាយប្រហារស្រុក គាត់ផ្លុំស្នែងប្រកាសអាសន្នឲ្យប្រជាជនដឹង
4. ប្រសិនបើនរណាម្នាក់ឮសំឡេងស្នែង តែមិនអើពើ បើគេស្លាប់ដោយមុខដាវ នោះគេនឹងទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
5. គេបាត់បង់ជីវិត ព្រោះតែកំហុសរបស់ខ្លួន ដ្បិតគេបានឮសំឡេងស្នែង តែមិនអើពើ។ រីឯអ្នកដែលយកចិត្តទុកដាក់ចំពោះការប្រកាស នឹងបានរួចជីវិត។
6. ប្រសិនបើអ្នកយាមឃើញកងទ័ពខ្មាំងចូលមកវាយប្រហារស្រុក តែមិនផ្លុំស្នែងប្រកាសអាសន្នឲ្យប្រជាជនដឹងទេ បើអ្នកណាម្នាក់ស្លាប់ដោយមុខដាវ អ្នកនោះស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន ប៉ុន្តែ យើងនឹងឲ្យអ្នកយាមទទួលទោសចំពោះការស្លាប់នេះ។