គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 32:9-23 Khmer Standard Version (KHSV)

9. ពេល​ណា​យើង​នាំ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នក ទៅ​ប្រាប់​ប្រជា‌ជាតិ​នានា នៅ​ក្នុង​ស្រុក​ដែល​អ្នក​ពុំ​ស្គាល់ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រំជួល​ចិត្ត។

10. យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​តក់‌ស្លុត ព្រោះ​តែ​អ្នក​ស្លាប់។ នៅ​ពេល​ដែល​យើង​គ្រវី​ដាវ​ពី​មុខ​ពួក​គេ ស្ដេច​របស់​ពួក​គេ​នឹង​ញ័រ‌រន្ធត់។ នៅ​ថ្ងៃ​ដែល​អ្នក​រលំ ពួក​គេ​ចេះ​តែ​ភ័យ​ញាប់‌ញ័រ ដោយ​គិត​ដល់​អាយុ​ជីវិត​របស់​ខ្លួន។

11. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដាវ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​ប្រហារ​អ្នក។

12. យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏​ច្រើន​របស់​អ្នក​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង ដែល​សាហាវ​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ ពួក​គេ​នឹង​បំបាក់​អំនួត​របស់​ស្រុក​អេស៊ីប ហើយ​ប្រជា‌ជន​ដ៏​ច្រើន​របស់​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស។

13. យើង​នឹង​បំផ្លាញ​ហ្វូង​សត្វ​ទាំង​អស់​របស់​អ្នក នៅ​ក្បែរ​ទន្លេ ពេល​នោះ លែង​មាន​ជើង​មនុស្ស ឬ​ជើង​សត្វ ធ្វើ​ឲ្យ​ល្អក់​ទឹក​ទៀត​ហើយ។

14. យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នៅ​ស្ងប់‌ស្ងៀម ហើយ​ឲ្យ​វា​ហូរ​ដោយ​សម្រួល​ដូច​ប្រេង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

15. ពេល​យើង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​សេស‌សល់​អ្វី​ក្នុង​ស្រុក ហើយ​ពេល​យើង​ប្រហារ​អ្នក​ស្រុក​អេស៊ីប​វិនាស​អស់ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់។

16. នេះ​ជា​បទ​ទំនួញ​ដែល​គេ​ត្រូវ​ស្មូត្រ​នៅ​តាម​ក្រុង​ផ្សេងៗ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។ ពួក​គេ​នឹង​ស្មូត្រ​ទំនួញ​នេះ​ស្រណោះ​ស្រុក​អេស៊ីប និង​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​របស់​ស្រុក​នេះ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

17. នៅ​ឆ្នាំ​ទី​ដប់‌ពីរ ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​មួយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

18. កូន​មនុស្ស​អើយ ចូរ​យំ​សោក​ស្រណោះ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​នៅ​ស្រុក​អេស៊ីប​ទៅ! ចូរ​ឲ្យ​បទ​ទំនួញ​នេះ​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​ទី​ជម្រៅ រួម​ជា​មួយ​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ​ឯ​ទៀតៗ គឺ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​រណ្ដៅ!

19. ចូរ​ពោល​ទៅ​ពួក​គេ​ថា “តើ​អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា គួរ​ឲ្យ​យើង​ប្រណី​អ្នក​រាល់​គ្នា​ជាង​អ្នក​ដទៃ​ឬ? ចូរ​ធ្លាក់​រណ្ដៅ​ជា​មួយ​ពួក​ទមិឡ

20. ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ!”។ ឥឡូវ​នេះ ដាវ​ហូត​ចេញ​ពី​ស្រោម​ហើយ ចូរ​ប្រហារ​ស្រុក​អេស៊ីប និង​ប្រជា‌ជន​ដ៏​ច្រើន​នៃ​ស្រុក​នេះ​ឲ្យ​វិនាស​ទៅ!

21. នៅ​ស្ថាន​មច្ចុរាជ ពួក​អ្នក​ចំបាំង​ដ៏​អង់‌អាច និង​សម្ពន្ធ‌មិត្ត​របស់​ស្រុក​អេស៊ីប​កាល​ពី​មុន នឹង​ពោល​ថា “ពួក​ទមិឡ​ទាំង​នេះ​ដែល​ត្រូវ​គេ​ចាក់​ដោយ​មុខ​ដាវ ក៏​ចុះ​មក​នៅ​ជា​មួយ​ពួក​យើង​ដែរ​ហ្ន៎!”។

22. ស្ដេច​ស្រុក​អាស្ស៊ីរី និង​កង‌ទ័ព​ទាំង​មូល​ដែល​ស្លាប់​ដោយ​មុខ​ដាវ ក៏​នៅ​ទី​នោះ​ទាំង​អស់​គ្នា​ដែរ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។

23. ផ្នូរ​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ពួក​អ្នក​ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ បែរ​ជា​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ដែរ។

សូមអានជំពូកពេញលេញ អេសេ‌គាល 32