គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 30:8-17 Khmer Standard Version (KHSV)

8. ពេល​ណា​យើង​ដុត​ស្រុក​អេស៊ីប និង​កម្ទេច​បក្ស‌សម្ព័ន្ធ​របស់​ពួក​គេ​អស់​ហើយ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

9. នៅ​ថ្ងៃ​យើង​ដាក់​ទោស​ស្រុក​អេស៊ីប យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ធ្វើ​ដំណើរ​តាម​សំពៅ នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ស្រុក​អេត្យូ‌ពី ដែល​កំពុង​តែ​រស់​នៅ​ដោយ​សុខ‌សាន្ត ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​រង​ទុក្ខ​វេទនា​ជិត​មក​ដល់​ហើយ!»។

10. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​បំបាត់​ពូជ​សាសន៍​អេស៊ីប​ដ៏​ច្រើន​នោះ។

11. យើង​នឹង​នាំ​ស្ដេច​នេប៊ូ‌ក្នេសា និង​កង‌ទ័ព​បាប៊ី‌ឡូន​ដ៏​សាហាវ​បំផុត មក​កម្ទេច​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​សម្លាប់​រង្គាល​ប្រជា‌ជន ទុក​សាក‌សព​នៅ​ពាស‌ពេញ​ក្នុង​ស្រុក។

12. យើង​នឹង​ធ្វើ​ឲ្យ​ដៃ​ទន្លេ​នីល​រីង​ស្ងួត យើង​ប្រគល់​ស្រុក​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំណាច យើង​នឹង​បំផ្លាញ​ស្រុក ព្រម​ទាំង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ដោយ​ដៃ​របស់​ជន​បរទេស។ នេះ​ជា​ពាក្យ​របស់​យើង​ដែល​ជា​ព្រះ‌អម្ចាស់»។

13. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​កម្ទេច​រូប​បដិមា យើង​នឹង​បំបាត់​រូប​ព្រះ​ក្លែង‌ក្លាយ​ពី​ក្រុង​ណូប។ ពេល​នោះ ស្រុក​អេស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅ​ស្រុក​អេស៊ីប។

14. យើង​នឹង​បំផ្លាញ​ក្រុង​ប៉ាត្រុស យើង​នឹង​ដុត​កម្ទេច​ក្រុង​សូអាន ហើយ​ដាក់​ទោស​ក្រុង​នរ។

15. យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ក្រុង​ស៊ីន ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​អេស៊ីប យើង​នឹង​ដក​ជីវិត​ប្រជា‌ជន​ដ៏​ច្រើន​នៅ​ក្រុង​នរ។

16. យើង​នឹង​ដុត​ស្រុក​អេស៊ីប ក្រុង​ស៊ីន​នឹង​ភ័យ​តក់‌ស្លុត ក្រុង​នរ​នឹង​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្រុង​ណូប​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។

17. ពួក​យុវជន​នៅ​ក្រុង​អាវេន និង​ក្រុង​ពីបែ‌សែត ដួល​ស្លាប់​ដោយ​មុខ​ដាវ ហើយ​អ្នក​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

សូមអានជំពូកពេញលេញ អេសេ‌គាល 30