គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 30:1-14 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​សោក​សង្រេង ដ្បិត​ថ្ងៃ​នោះ​វេទនា​ណាស់!

3. ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ​ហើយ គឺ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ថ្ងៃ​ដែល​មាន​ពពក ថ្ងៃ​ដែល​ប្រជា‌ជាតិ​នានា​វាយ​ប្រហារ​គ្នា។

4. សង្គ្រាម​នឹង​មក​ដល់​ស្រុក​អេស៊ីប ទុក្ខ​វេទនា​នឹង​កើត​មាន​នៅ​ស្រុក​អេត្យូ‌ពី។ ជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​គេ​សម្លាប់​រង្គាល សត្រូវ​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​អេស៊ីប ព្រម​ទាំង​កម្ទេច​ស្រុក​នេះ​ផង។

5. អ្នក​ស្រុក​អេត្យូ‌ពី អ្នក​ស្រុក​ពូត អ្នក​ស្រុក​លូឌ ពួក​កូន​កាត់​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​គូប ព្រម​ទាំង​ប្រជា‌ជន​របស់​យើង​ផ្ទាល់ ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មួយ​ជន‌ជាតិ​អេស៊ីប​ដែរ»។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​អ្នក​ដែល​គាំទ្រ​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស ហើយ​អំណាច​អួត‌អាង​របស់​អេស៊ីប​ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ដែរ។ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

7. ស្រុក​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោ‌ស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិន‌ហោច​លើស​ក្រុង​ឯ​ទៀតៗ​ដែរ។

8. ពេល​ណា​យើង​ដុត​ស្រុក​អេស៊ីប និង​កម្ទេច​បក្ស‌សម្ព័ន្ធ​របស់​ពួក​គេ​អស់​ហើយ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

9. នៅ​ថ្ងៃ​យើង​ដាក់​ទោស​ស្រុក​អេស៊ីប យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ធ្វើ​ដំណើរ​តាម​សំពៅ នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ស្រុក​អេត្យូ‌ពី ដែល​កំពុង​តែ​រស់​នៅ​ដោយ​សុខ‌សាន្ត ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​រង​ទុក្ខ​វេទនា​ជិត​មក​ដល់​ហើយ!»។

10. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​បំបាត់​ពូជ​សាសន៍​អេស៊ីប​ដ៏​ច្រើន​នោះ។

11. យើង​នឹង​នាំ​ស្ដេច​នេប៊ូ‌ក្នេសា និង​កង‌ទ័ព​បាប៊ី‌ឡូន​ដ៏​សាហាវ​បំផុត មក​កម្ទេច​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​សម្លាប់​រង្គាល​ប្រជា‌ជន ទុក​សាក‌សព​នៅ​ពាស‌ពេញ​ក្នុង​ស្រុក។

12. យើង​នឹង​ធ្វើ​ឲ្យ​ដៃ​ទន្លេ​នីល​រីង​ស្ងួត យើង​ប្រគល់​ស្រុក​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំណាច យើង​នឹង​បំផ្លាញ​ស្រុក ព្រម​ទាំង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ដោយ​ដៃ​របស់​ជន​បរទេស។ នេះ​ជា​ពាក្យ​របស់​យើង​ដែល​ជា​ព្រះ‌អម្ចាស់»។

13. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​កម្ទេច​រូប​បដិមា យើង​នឹង​បំបាត់​រូប​ព្រះ​ក្លែង‌ក្លាយ​ពី​ក្រុង​ណូប។ ពេល​នោះ ស្រុក​អេស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅ​ស្រុក​អេស៊ីប។

14. យើង​នឹង​បំផ្លាញ​ក្រុង​ប៉ាត្រុស យើង​នឹង​ដុត​កម្ទេច​ក្រុង​សូអាន ហើយ​ដាក់​ទោស​ក្រុង​នរ។

សូមអានជំពូកពេញលេញ អេសេ‌គាល 30