គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 3:13-27 Khmer Standard Version (KHSV)

13. ខ្ញុំ​ឮ​សន្ធឹក​ស្លាប​របស់​សត្វ​ទាំង​បួន​ដែល​ទទះ​ប៉ះ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ឮ​ស្នូរ​សន្ធឹក​កង់​ដែល​លាន់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្បែរ​សត្វ​ទាំង​នោះ​ដែរ។

14. ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​យក​ទៅ ខ្ញុំ​ទៅ​ទាំង​ខឹង​មួម៉ៅ តែ​ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ជំទាស់​មិន​បាន។

15. ខ្ញុំ​ទៅ​ដល់​ថេល-‌អាប៊ីប ក្បែរ​ទន្លេ​កេបារ គឺ​កន្លែង​ដែល​ប្រជា‌ជន​ជាប់​ជា​ឈ្លើយ​ស្នាក់​នៅ។ ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ ទាំង​មិន​ដឹង​ខ្លួន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

16. លុះ​ប្រាំ‌ពីរ​ថ្ងៃ​កន្លង​ផុត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

17. «កូន​មនុស្ស​អើយ! យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ កាល​ណា​អ្នក​ឮ​ពាក្យ​របស់​យើង ចូរ​យក​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។

18. ពេល​យើង​និយាយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​នឹង​ត្រូវ​ស្លាប់!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន ប្រសិន​បើ​អ្នក​មិន​ទូន្មាន​គេ​ឲ្យ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​បាន​រួច​ជីវិត​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​អំពើ​បាប​របស់​ខ្លួន តែ​យើង​នឹង​ដាក់​ទោស​អ្នក។

19. ផ្ទុយ​ទៅ​វិញ បើ​អ្នក​ទូន្មាន​មនុស្ស​អាក្រក់ តែ​គេ​មិន​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន រីឯ​អ្នក​វិញ អ្នក​នឹង​បាន​រួច​ជីវិត។

20. ប្រសិន​បើ​មនុស្ស​សុចរិត​ម្នាក់​ងាក​ចេញ​ពី​ផ្លូវ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត យើង​នឹង​ធ្វើ​ឲ្យ​គេ​ជំពប់​ជើង​ដួល ហើយ​គេ​នឹង​ស្លាប់​ពុំ‌ខាន។ គេ​នឹង​ត្រូវ​ស្លាប់​ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​ដោយ​អ្នក​មិន​បាន​ទូន្មាន​គេ។ គ្មាន​នរណា​នឹក​ឃើញ​អំពើ​សុចរិត​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ឡើយ តែ​យើង​នឹង​ដាក់​ទោស​អ្នក។

21. ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​ទូន្មាន​មនុស្ស​សុចរិត​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ហើយ​បើ​គេ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ​នោះ គេ​នឹង​មាន​ជីវិត​ត​ទៅ​មុខ​ទៀត ព្រោះ​តែ​អ្នក​បាន​ទូន្មាន​គេ ចំណែក​ឯ​អ្នក​វិញ អ្នក​នឹង​បាន​រួច​ជីវិត»។

22. ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ​សា​ជា​ថ្មី ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជ្រលង​ភ្នំ នៅ​ទី​នោះ យើង​នឹង​និយាយ​ជា​មួយ​អ្នក»។

23. ខ្ញុំ​ក៏​ក្រោក​ឡើង ចេញ​ទៅ​ជ្រលង​ភ្នំ ហើយ​ខ្ញុំ​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​នៅ​ទី​នោះ ដូច​ខ្ញុំ​ធ្លាប់​ឃើញ​នៅ​ជិត​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

24. ព្រះ‌វិញ្ញាណ​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​បិទ​ទ្វារ សំងំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទៅ។

25. កូន​មនុស្ស​អើយ ពួក​គេ​នឹង​បោះ​ខ្សែ‌ពួរ​លើ​អ្នក ពួក​គេ​នឹង​យក​ខ្សែ​នោះ​ចង​អ្នក ហើយ​អ្នក​ពុំ​អាច​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ទៀត​ឡើយ។

26. យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត ហើយ​ក៏​ពុំ​អាច​ស្ដី​បន្ទោស​ពួក​គេ​ដែរ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។

27. ប៉ុន្តែ ពេល​ណា​យើង​និយាយ​ទៅ​កាន់​អ្នក យើង​នឹង​បើក​មាត់​របស់​អ្នក ដើម្បី​ឲ្យ​ពោល​ទៅ​ពួក​គេ​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់”។ មាន​អ្នក​ខ្លះ​ចង់​ស្ដាប់ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ចង់​ស្ដាប់​ទេ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ»។

សូមអានជំពូកពេញលេញ អេសេ‌គាល 3