គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 3:1-15 Khmer Standard Version (KHSV)

1. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ឲ្យ​នេះ រួច​ទៅ​ប្រៀន‌ប្រដៅ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចុះ»។

2. ខ្ញុំ​ក៏​ហា​មាត់ ហើយ​ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ក្រាំង​នោះ។

3. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ប្រគល់​ឲ្យ​យ៉ាង​ឆ្អែត​ចុះ!»។ ខ្ញុំ​ក៏​ទទួល​ទាន​ក្រាំង​នោះ ដែល​មាន​រស‌ជាតិ​ផ្អែម ដូច​ទឹក​ឃ្មុំ​នៅ​ក្នុង​មាត់​ខ្ញុំ។

4. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ​ចុះ!

5. យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល គឺ​មិន​មែន​ឲ្យ​ទៅ​រក​សាសន៍​ដទៃ ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ពិបាក​យល់​នោះ​ទេ។

6. យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំ‌ខាន

7. គឺ​យើង​ចាត់​អ្នក​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែល​មិន​ចង់​ស្ដាប់​អ្នក ព្រោះ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​មនុស្ស​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស។

8. ប៉ុន្តែ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​មានះ ដើម្បី​ឲ្យ​អ្នក​ត​តាំង​នឹង​ចិត្ត​មានះ​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រឹង ដើម្បី​ត​តាំង​នឹង​ចិត្ត​រឹង​របស់​ពួក​គេ។

9. យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រឹង​ដូច​ពេជ្រ ហើយ​រឹង​ជាង​ដុំ​ថ្ម​ទៅ​ទៀត។ កុំ​ខ្លាច​ពួក​គេ កុំ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​ជា​ពូជ​បះ‌បោរ»។

10. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ ចូរ​ផ្ចង់​ចិត្ត ហើយ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​ថ្លែង​ប្រាប់។

11. ចូរ​ទៅ​ជួប​ប្រជា‌ជន​របស់​អ្នក ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជា​ឈ្លើយ រួច​និយាយ​ជា​មួយ​ពួក​គេ ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី ចូរ​និយាយ​ប្រាប់​ពួក​គេ​ថា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។

12. ពេល​នោះ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺង‌កង​ពី​ក្រោយ​ខ្ញុំ​ថា «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌អង្គ!»។

13. ខ្ញុំ​ឮ​សន្ធឹក​ស្លាប​របស់​សត្វ​ទាំង​បួន​ដែល​ទទះ​ប៉ះ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ឮ​ស្នូរ​សន្ធឹក​កង់​ដែល​លាន់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្បែរ​សត្វ​ទាំង​នោះ​ដែរ។

14. ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​យក​ទៅ ខ្ញុំ​ទៅ​ទាំង​ខឹង​មួម៉ៅ តែ​ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ជំទាស់​មិន​បាន។

15. ខ្ញុំ​ទៅ​ដល់​ថេល-‌អាប៊ីប ក្បែរ​ទន្លេ​កេបារ គឺ​កន្លែង​ដែល​ប្រជា‌ជន​ជាប់​ជា​ឈ្លើយ​ស្នាក់​នៅ។ ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ ទាំង​មិន​ដឹង​ខ្លួន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមអានជំពូកពេញលេញ អេសេ‌គាល 3