គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 29:6-12 Khmer Standard Version (KHSV)

6. ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ដ្បិត​ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​ធ្វើ​ជា​បង្អែក។

7. នៅ​ពេល​ពួក​គេ​តោង​អ្នក ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា។ នៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ស្រាប់​តែ​អ្នក​រលំ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លោះ​ចង្កេះ»។

8. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មើល៍​យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អ្នក​កើត​សង្គ្រាម យើង​នឹង​ដក​ជីវិត​ទាំង​មនុស្ស ទាំង​សត្វ នៅ​ក្នុង​ស្រុក​អ្នក។

9. ស្រុក​អេស៊ីប​នឹង​ត្រូវ​ហិន‌ហោច ក្លាយ​ជា​គំនរ​បាក់​បែក ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់។ ដោយ​អ្នក​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ

10. យើង​នឹង​ដាក់​ទោស​អ្នក ព្រម​ទាំង​ទន្លេ​របស់​អ្នក។ យើង​នឹង​បំផ្លាញ​ស្រុក​អេស៊ីប ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និង​ជា​ទី​ស្មសាន ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន និង​ព្រំ‌ប្រទល់​ស្រុក​អេត្យូ‌ពី។

11. គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។

12. ក្នុង​រយៈ​ពេល​សែ‌សិប​ឆ្នាំ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោ‌ស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិន‌ហោច​លើស​ក្រុង​ឯ​ទៀតៗ។ យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា»។

សូមអានជំពូកពេញលេញ អេសេ‌គាល 29