គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 29:2-11 Khmer Standard Version (KHSV)

2. «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​នោះ ព្រម​ទាំង​ប្រជា‌ជន​អេស៊ីប​ទាំង​មូល​ទៅ!

3. ចូរ​ប្រកាស​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សំបើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។

4. យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។

5. យើង​នឹង​បោះ​អ្នក​ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោ‌ស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវី‌រវល់​នឹង​សាក‌សព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។

6. ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ដ្បិត​ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​ធ្វើ​ជា​បង្អែក។

7. នៅ​ពេល​ពួក​គេ​តោង​អ្នក ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា។ នៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ស្រាប់​តែ​អ្នក​រលំ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លោះ​ចង្កេះ»។

8. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មើល៍​យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អ្នក​កើត​សង្គ្រាម យើង​នឹង​ដក​ជីវិត​ទាំង​មនុស្ស ទាំង​សត្វ នៅ​ក្នុង​ស្រុក​អ្នក។

9. ស្រុក​អេស៊ីប​នឹង​ត្រូវ​ហិន‌ហោច ក្លាយ​ជា​គំនរ​បាក់​បែក ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់។ ដោយ​អ្នក​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ

10. យើង​នឹង​ដាក់​ទោស​អ្នក ព្រម​ទាំង​ទន្លេ​របស់​អ្នក។ យើង​នឹង​បំផ្លាញ​ស្រុក​អេស៊ីប ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និង​ជា​ទី​ស្មសាន ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន និង​ព្រំ‌ប្រទល់​ស្រុក​អេត្យូ‌ពី។

11. គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។

សូមអានជំពូកពេញលេញ អេសេ‌គាល 29