គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 29:11-21 Khmer Standard Version (KHSV)

11. គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។

12. ក្នុង​រយៈ​ពេល​សែ‌សិប​ឆ្នាំ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោ‌ស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិន‌ហោច​លើស​ក្រុង​ឯ​ទៀតៗ។ យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា»។

13. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «លុះ​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ យើង​នឹង​ប្រមូល​ជន‌ជាតិ​អេស៊ីប​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ដែល​យើង​បណ្ដេញ​ពួក​គេ​ទៅ​នោះ ឲ្យ​ត្រឡប់​មក​វិញ។

14. យើង​នឹង​ស្ដារ​ស្រុក​អេស៊ីប​ឡើង​វិញ យើង​នឹង​នាំ​ពួក​គេ​មក​នៅ​ស្រុក​ប៉ាត្រុស ជា​ស្រុក​កំណើត​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ជា​នគរ​មួយ​ដ៏​ទន់​ខ្សោយ។

15. ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​នគរ​មួយ​ទន់​ខ្សោយ​ជាង​នគរ​ឯ​ទៀតៗ គេ​នឹង​លែង​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា គឺ​យើង​នឹង​ធ្វើ​ឲ្យ​គេ​ចុះ​អន់‌ថយ ដើម្បី​កុំ​ឲ្យ​គេ​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា​ទៀត។

16. ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​លែង​មាន​បង្អែក ដែល​ទាក់‌ទាញ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដោយ​បែរ​ទៅ​រក​ស្រុក​អេស៊ីប​មក​ជួយ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់»។

17. នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

18. «កូន​មនុស្ស​អើយ នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ប្រើ​កង‌ទ័ព​របស់​ខ្លួន​ឲ្យ​ប្រឹង‌ប្រែង​វាយ​យក​ក្រុង​ទីរ៉ុស។ ទាហាន​បាប៊ី‌ឡូន​ទាំង​អស់​ខំ​ប្រឹង​រហូត​ដល់​ជ្រុះ​សក់ និង​មាន​ស្នាម​របួស​ពេញ​ស្មា តែ​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​កង‌ទ័ព ពុំ​បាន​ទទួល​ជ័យ‌ជំនះ ពី​ការ​វាយ​លុក​ក្រុង​ទីរ៉ុស​ឡើយ។

19. ហេតុ​នេះ យើង​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ‌ជា‌អម្ចាស់​ថា យើង​ប្រគល់​ស្រុក​អេស៊ីប​ឲ្យ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ នេប៊ូ‌ក្នេសា​នឹង​នាំ​យក​ទ្រព្យ​សម្បត្តិ​ស្រុក​អេស៊ីប​ទៅ​ស្រុក​របស់​ខ្លួន ស្ដេច​នេះ​នឹង​រឹប​អូស​យក​ទាំង​អស់ ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។ ស្ដេច​នឹង​យក​ជយ‌ភ័ណ្ឌ​ធ្វើ​ជា​បៀវត្សរ៍​ចែក​ឲ្យ​កង‌ទ័ព​របស់​ខ្លួន។

20. យើង​ប្រគល់​ស្រុក​អេស៊ីប​ឲ្យ​នេប៊ូ‌ក្នេសា ទុក​ជា​កំរៃ​ចំពោះ​កិច្ចការ​ដែល​គេ​បាន​ធ្វើ ដ្បិត​ពួក​ទាហាន​របស់​ស្ដេច​នេះ​បាន​ធ្វើ​ការ​ឲ្យ​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

21. នៅ​ថ្ងៃ​នោះ​យើង​នឹង​ពង្រឹង​កម្លាំង​ជន‌ជាតិ​អ៊ីស្រា‌អែល។ រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​នឹង​ឲ្យ​អ្នក​និយាយ​បាន ពួក​គេ​នឹង​ឮ​ពាក្យ​អ្នក ហើយ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

សូមអានជំពូកពេញលេញ អេសេ‌គាល 29