គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 28:8-22 Khmer Standard Version (KHSV)

8. ពួក​គេ​នឹង​វាយ​ទម្លាក់​អ្នក​ទៅ​ក្នុង​រណ្ដៅ អ្នក​នឹង​ត្រូវ​ស្លាប់ ដោយ​គេ​ចាក់​ទម្លុះ​នៅ​កណ្ដាល​សមុទ្រ។

9. នៅ​ចំពោះ​មុខ​សត្រូវ​ដែល​ប្រហារ​ជីវិត​អ្នក តើ​អ្នក​នៅ​តែ​ពោល​ថា “ខ្ញុំ​ជា​ព្រះ” ទៀត​បាន​ឬ? ពេល​អ្នក​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពេជ្ឈ‌ឃាត អ្នក​នៅ​តែ​ជា​មនុស្ស​ដដែល គឺ​មិន​មែន​ជា​ព្រះ​ទេ។

10. អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដៃ​ជន​បរទេស ដូច​ជន​មិន​ស្គាល់​ព្រះ‌ជាម្ចាស់ ដ្បិត​យើង​ហើយ​ដែល​ប្រកាស​ការ​នេះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖

12. «កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។

13. អ្នក​ស្ថិត​នៅ​ស្រុក​អេដែន ក្នុង​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ត្បូង​គ្រប់​មុខ​ជា​ជញ្ជាំង គឺ​ត្បូង​ទទឹម ត្បូង​ជម្ពូ‌រ័ត្ន ត្បូង​ពេជ្រ ត្បូង​ប៊ុត‌លឿង ត្បូង​ដៃ‌រគៀម ត្បូង​មណី‌រ័ត្ន ត្បូង​កណ្ដៀង ត្បូង​និល‌រ័ត្ន មរកត និង​មាស។ មាន​ស្គរ និង​ខ្លុយ នៅ​ចាំ​លេង​កំដរ​អ្នក​ជា​ស្រេច តាំង​តែ​ពី​ថ្ងៃ​ដែល​អ្នក​កើត​ម៉្លេះ។

14. អ្នក​ជា​ចេរូប៊ីន*​ត្រដាង​ស្លាប ដែល​យើង​បាន​តែង‌តាំង​ឲ្យ​ការពារ យើង​បាន​ដាក់​អ្នក​នៅ​លើ​ភ្នំ​របស់​យើង អ្នក​ដើរ​នៅ​កណ្ដាល​ថ្ម​ដ៏​ភ្លឺ​ផ្លេក។

15. ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយា‌មារយាទ​ល្អ​ឥត​ខ្ចោះ។

16. ការ​រីក​ចម្រើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ហេតុ​នេះ យើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​យើង ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ។ ចេរូប៊ីន​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។

17. អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុងរឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​នានា​ឃើញ។

18. អ្នក​បាន​បង្អាប់​ទី‌សក្ការៈ​របស់​យើង ដោយ‌សារ​អំពើ​បាប​ដ៏​ច្រើន​ឥត​គណនា និង​ដោយ‌សារ​ជំនួញ​ដ៏​ទុច្ចរិត​របស់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក ឆេះ​បន្សុស​អ្នក យើង​នឹង​កម្ទេច​អ្នក​ឲ្យ​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​មនុស្ស‌ម្នា​បាន​ឃើញ។

19. ជាតិ​សាសន៍​នានា​ដែល​ស្គាល់​អ្នក​នឹង​ងឿង‌ឆ្ងល់ ដោយ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​ដូច្នេះ ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

21. «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​ស៊ីដូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ក្រុង​នោះ​ទៅ!

22. ត្រូវ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្រុង​ស៊ីដូន​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ទទួល​សិរី‌រុងរឿង​នៅ​ក្នុង​អ្នក។ ពេល​ណា​យើង​សម្រេច​ការ​វិនិច្ឆ័យ​ទោស​ក្រុង​នេះ​ហើយ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​នឹង​សម្តែង​ឲ្យ​អ្នក​ក្រុង​នេះ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។

សូមអានជំពូកពេញលេញ អេសេ‌គាល 28