គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 26:9-19 Khmer Standard Version (KHSV)

9. សត្រូវ​នឹង​យក​រនុក​ដែក​មក​បុក​ទម្លុះ​កំពែង​របស់​អ្នក ព្រម​ទាំង​ប្រើ​អាវុធ​កម្ទេច​ប៉ម​របស់​អ្នក​ទៀត​ផង។

10. ទ័ព​សេះ​ដ៏​ច្រើន​របស់​ពួក​គេ​នឹង​សម្រុក​ចូល​មក ធ្វើ​ឲ្យ​ដី​ហុយ​ជុំ​ជិត​លើ​អ្នក ហើយ​កំពែង​របស់​អ្នក​នឹង​រញ្ជួយ​ញាប់‌ញ័រ​ដោយ​សន្ធឹក​ទ័ព​សេះ កង់​រទេះ​ចំបាំង នៅ​ពេល​សត្រូវ​សម្រុក​ចូល​មក​តាម​ទ្វារ​របស់​អ្នក ដូច​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​គេ​វាយ​យក​បាន។

11. ជើង​សេះ​របស់​ពួក​គេ​នឹង​ជាន់​កម្ទេច​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជន​របស់​អ្នក ហើយ​រំលំ​ស្តូប​ដែល​ជា​តំណាង​ឫទ្ធិ​អំណាច​របស់​អ្នក​ដែរ។

12. សត្រូវ​នឹង​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក គេ​រឹប​អូស​យក​ទំនិញ​របស់​អ្នក ទុក​ជា​របស់​ជយ‌ភ័ណ្ឌ គេ​នឹង​រំលំ​កំពែង​របស់​អ្នក បំផ្លាញ​វិមាន​របស់​អ្នក ហើយ​យក​ថ្ម ឈើ និង​អ្វីៗ​ដែល​នៅ​សេស‌សល់​បោះ​ទៅ​ក្នុង​សមុទ្រ។

13. យើង​នឹង​បំបាត់​ស្នូរ​ចម្រៀង​របស់​អ្នក ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។

14. យើង​នឹង​ទុក​ឲ្យ​អ្នក​នៅ​សល់​តែ​ផ្ទាំង​ថ្ម​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​គ្មាន​នរណា​សង់​អ្នក​ឡើង​វិញ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ»។

15. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ក្រុង​ទីរ៉ុស​ដូច​ត​ទៅ៖ «ប្រជា‌ជន​នៅ​តាម​កោះ​នានា​នឹង​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដំណឹង​ថា សត្រូវ​វាយ​យក​អ្នក​បាន ហើយ​ឮ​សម្រែក​ថ្ងូរ​របស់​អ្នក​របួស និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​អ្នក។

16. ស្ដេច​របស់​ស្រុក​នានា​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​នាំ​គ្នា​ចុះ​ពី​បល្ល័ង្ក ដោះ​សម្លៀក‌បំពាក់ និង​អាវ​ប៉ាក់​ចេញ រួច​យក​ការ​ភ័យ​ខ្លាច​មក​ពាក់​ជំនួស ហើយ​អង្គុយ​ផ្ទាល់​ដី ទាំង​ភ័យ​ញាប់‌ញ័រ​ឥត​ឈប់‌ឈរ ព្រោះ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​បែប​នេះ។

17. ពួក​គេ​ស្មូត្រ​ទំនួញ​មួយ​បទ​ស្រណោះ​អ្នក ដោយ​ពោល​ថា “ទីក្រុង​ដ៏​ល្បី‌ល្បាញ​អើយ អ្នក​ជា​ជម្រក​របស់​ប្រជា‌ជន​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ អ្នក និង​ប្រជា‌ជន​របស់​អ្នក​ជា​មហា​អំណាច​នៅ​ដែន​សមុទ្រ ហើយ​ធ្លាប់​តែ​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​ជុំ‌វិញ​ព្រឺ​ខ្លាច ឥឡូវ​នេះ ម្ដេច​ក៏​អ្នក​វិនាស​បាត់​បង់​ដូច្នេះ?”។

18. នៅ​ថ្ងៃ​ដែល​ខ្មាំង​វាយ​យក​អ្នក​បាន ប្រជា‌ជន​នៅ​តាម​កោះ​ភ័យ​ញាប់‌ញ័រ ប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​រន្ធត់​ចិត្ត ព្រោះ​ឃើញ​អ្នក​វិនាស​បាត់​បង់»។

19. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ក្រុង​ដែល​នៅ​សល់​តែ​សំណល់​បាក់​បែក គឺ​ដូច​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ ពេល​ណា​យើង​ធ្វើ​ឲ្យ​ទឹក​ពី​ទី​ជម្រៅ និង​មហា​សាគរ​ជន់​ឡើង​គ្រប​ពី​លើ​អ្នក

សូមអានជំពូកពេញលេញ អេសេ‌គាល 26