គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 26:1-13 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ អ្នក​ក្រុង​ទីរ៉ុស​បាន​សើច​ចំអក​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ថា “ក្រុង​ដែល​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា​រលំ​ហើយ! តំណែង​របស់​វា​នឹង​ធ្លាក់​មក​លើ​យើង​ម្ដង ក្រុង​យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន​ហើយ!”

3. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ទីរ៉ុស​អើយ យើង​នឹង​ប្រហារ​អ្នក យើង​នឹង​នាំ​ប្រជា‌ជាតិ​យ៉ាង​ច្រើន ដូច​រលក​សមុទ្រ​មក​វាយ​អ្នក។

4. ពួក​គេ​នឹង​កម្ទេច​កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​រំលំ​ប៉ម យើង​នឹង​បោស​ធូលី​ដី​ឲ្យ​រលីង ទុក​តែ​ផ្ទាំង​ថ្ម​មួយ​ឲ្យ​នៅ​សល់​ប៉ុណ្ណោះ។

5. ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ហើយ​ប្រជា‌ជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។

6. រីឯ​ប្រជា‌ជន​ក្នុង​ស្រុក​ភូមិ​នានា​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

7. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​ទីរ៉ុស​អើយ​យើង​នឹង​ហៅ​ស្ដេច​នេប៊ូ‌ក្នេសា ជា​មហា‌ក្សត្រ​លើ​ក្សត្រ​នានា ឲ្យ​មក​វាយ​ប្រហារ​អ្នក នេប៊ូ‌ក្នេសា​នឹង​លើក​ទ័ព​ពី​ទិស​ខាង​ជើង​មក គឺ​មាន​កង‌ពល​សេះ រទេះ​ចំបាំង ព្រម​ទាំង​ទាហាន​ដ៏​ច្រើន​ផង។

8. សត្រូវ​នឹង​សម្លាប់​ប្រជា‌ជន តាម​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​អ្នក ព្រម​ទាំង​លើក​ទួល​សម្រាប់​វាយ​លុក សង់​លេណ‌ដ្ឋាន និង​លើក​កំពែង​ការពារ​ខ្លួន។

9. សត្រូវ​នឹង​យក​រនុក​ដែក​មក​បុក​ទម្លុះ​កំពែង​របស់​អ្នក ព្រម​ទាំង​ប្រើ​អាវុធ​កម្ទេច​ប៉ម​របស់​អ្នក​ទៀត​ផង។

10. ទ័ព​សេះ​ដ៏​ច្រើន​របស់​ពួក​គេ​នឹង​សម្រុក​ចូល​មក ធ្វើ​ឲ្យ​ដី​ហុយ​ជុំ​ជិត​លើ​អ្នក ហើយ​កំពែង​របស់​អ្នក​នឹង​រញ្ជួយ​ញាប់‌ញ័រ​ដោយ​សន្ធឹក​ទ័ព​សេះ កង់​រទេះ​ចំបាំង នៅ​ពេល​សត្រូវ​សម្រុក​ចូល​មក​តាម​ទ្វារ​របស់​អ្នក ដូច​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​គេ​វាយ​យក​បាន។

11. ជើង​សេះ​របស់​ពួក​គេ​នឹង​ជាន់​កម្ទេច​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​ប្រហារ​ជីវិត​ប្រជា‌ជន​របស់​អ្នក ហើយ​រំលំ​ស្តូប​ដែល​ជា​តំណាង​ឫទ្ធិ​អំណាច​របស់​អ្នក​ដែរ។

12. សត្រូវ​នឹង​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក គេ​រឹប​អូស​យក​ទំនិញ​របស់​អ្នក ទុក​ជា​របស់​ជយ‌ភ័ណ្ឌ គេ​នឹង​រំលំ​កំពែង​របស់​អ្នក បំផ្លាញ​វិមាន​របស់​អ្នក ហើយ​យក​ថ្ម ឈើ និង​អ្វីៗ​ដែល​នៅ​សេស‌សល់​បោះ​ទៅ​ក្នុង​សមុទ្រ។

13. យើង​នឹង​បំបាត់​ស្នូរ​ចម្រៀង​របស់​អ្នក ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។

សូមអានជំពូកពេញលេញ អេសេ‌គាល 26