គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 25:8-17 Khmer Standard Version (KHSV)

8. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ​នាំ​គ្នា​ពោល​ថា “មើល​ចុះ ជន‌ជាតិ​យូដា​មិន​ខុស​ពី​ប្រជា‌ជាតិ​ឯ​ទៀតៗ​ទេ!”

9. យើង​នឹង​បើក​ឲ្យ​ខ្មាំង​ចូល​វាយ​ក្រុង​ដែល​នៅ​តាម​ព្រំ‌ប្រទល់​ស្រុក​ម៉ូអាប់​ជា​បន្ត​បន្ទាប់ សូម្បី​តែ​ក្រុង​ដ៏​ល្អ​ជាង​គេ ដូច​ជា​ក្រុង​បេត-‌យេស៊ី‌ម៉ូត បាល-‌មេយ៉ូន និង​គារយ៉ា‌ថែម ក៏​ត្រូវ​ខ្មាំង​វាយ​ប្រហារ​ដែរ។

10. កុល‌សម្ព័ន្ធ​ពី​ទិស​ខាង​កើត ដែល​បាន​វាយ​ជន‌ជាតិ​អាំម៉ូន ក៏​មក​រឹប​អូស​យក​ស្រុក​នេះ​ដែរ។ យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពួក​គេ​កាន់​កាប់ រហូត​ដល់​លែង​មាន​នរណា​នឹក​នា​ដល់​ជន‌ជាតិ​នេះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទៀត។

11. យើង​នឹង​ដាក់​ទោស​ជន‌ជាតិ​ម៉ូអាប់ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

12. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ជន‌ជាតិ​អេដុម​សង‌សឹក​ជន‌ជាតិ​យូដា​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស»។

13. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ស្រុក​អេដុម យើង​នឹង​ដក​ជីវិត​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ យើង​នឹង​បំផ្លាញ​ស្រុក​គេ​តាំង​ពី​ថេម៉ាន រហូត​ដល់​ដេដាន់ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។

14. យើង​នឹង​សង‌សឹក​ស្រុក​អេដុម ដោយ​ដៃ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អេដុម តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ ពេល​នោះ អេដុម​នឹង​ទទួល​ស្គាល់​ថា ការ​ប្រព្រឹត្ត​ល្មើស​ចំពោះ​យើង​ត្រូវ​ទទួល​ទោស​យ៉ាង​ណា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

15. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ជន‌ជាតិ​ភីលីស្ទីន​បាន​សង‌សឹក​ជន‌ជាតិ​យូដា ដោយ​ប្រមាថ​មាក់‌ងាយ​យ៉ាង​ព្រៃ‌ផ្សៃ ចង់​តែ​បំផ្លាញ​គេ ហើយ​តាំង​ខ្លួន​ជា​សត្រូវ​សួរ​ពូជ​របស់​គេ»។ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖

16. «យើង​នឹង​ប្រហារ​ស្រុក​ភីលីស្ទីន យើង​នឹង​ដក​ជីវិត​ពួក​កេរេ‌ធីម យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ។

17. យើង​នឹង​សង‌សឹក​ពួក​គេ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ នៅ​ពេល​យើង​សង‌សឹក​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន»។

សូមអានជំពូកពេញលេញ អេសេ‌គាល 25