គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 23:39-49 Khmer Standard Version (KHSV)

39. ក្នុង​ថ្ងៃ​តែ​មួយ ពួក​នាង​សម្លាប់​កូន​របស់​ខ្លួន​សែន​ព្រះ​ក្លែង‌ក្លាយ រួច​ចូល​ទៅ​ប្រមាថ​ទី‌សក្ការៈ​របស់​យើង។ នេះ​ហើយ​ជា​អំពើ​ដែល​ពួក​នាង​ប្រព្រឹត្ត​នៅ​ក្នុង​ដំណាក់​របស់​យើង។

40. លើស​ពី​នេះ ពួក​នាង​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​រក​ប្រុសៗ​នៅ​ស្រុក​ឆ្ងាយ និង​ហៅ​គេ​ឲ្យ​មក។ អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​មក។ នាង​ងូត​ទឹក ដើម្បី​ទទួល​ពួក​គេ ដោយ​ផាត់​ម្សៅ និង​ពាក់​គ្រឿង​អលង្ការ​ទៀត​ផង។

41. នាង​អង្គុយ​នៅ​លើ​គ្រែ​តាក់​តែង​យ៉ាង​ស្អាត នៅ​មុខ​មាន​តុ​មួយ​ដែល​នាង​យក​គ្រឿង​ក្រអូប និង​ប្រេង​របស់​យើង​មក​ដាក់​ទទួល​ពួក​គេ។

42. សម្រែក​របស់​មនុស្ស​ដ៏​ច្រើន​កុះ‌ករ ដែល​គ្មាន​កង្វល់​អ្វី បាន​លាន់​ឮ​ឡើង ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​មនុស្ស​មួយ​ចំនួន​ដែល​មក​ពី​គ្រប់​ទិស​តំបន់​នៃ​វាល​រហោ‌ស្ថាន គេ​បាន​ពាក់​កង‌ដៃ​ឲ្យ​នាង​ទាំង​ពីរ និង​ពាក់​មកុដ​ដ៏​ល្អ​ប្រណីត​នៅ​លើ​ក្បាល​ផង។

43. ពេល​នោះ យើង​ក៏​ឧទាន​ឡើង​ថា “មើល​ចុះ សូម្បី​ស្រី​ដែល​បាត់​បង់​សម្ផស្ស​ដោយ‌សារ​អំពើ​ពេស្យា‌ចារ ក៏​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ!”។

44. ពួក​គេ​ទៅ​រក​នាង ដូច​ទៅ​រក​ស្រី​ពេស្យា គឺ​ពួក​គេ​ទៅ​រក​នាង​អូហូ‌ឡា និង​នាង​អូហូ‌លីបា ជា​ស្រី​ថោក​ទាប។

45. ប៉ុន្តែ មនុស្ស​សុចរិត​នឹង​វិនិច្ឆ័យ​ទោស​ស្រី​ទាំង​ពីរ​នោះ ដូច​គេ​វិនិច្ឆ័យ​ទោស​ស្រី​ផិត​ក្បត់ និង​ស្រី​ដែល​សម្លាប់​គេ ដ្បិត​នាង​ទាំង​ពីរ​ជា​ស្រី​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ដោយ​ឈាម»។

46. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​កោះ​ហៅ​មនុស្ស‌ម្នា​ឲ្យ​មក​ជួប‌ជុំ​គ្នា​ប្រឆាំង​នឹង​នាង​ទាំង​ពីរ។ យើង​នឹង​ធ្វើ​ឲ្យ​នាង​ភ័យ​តក់‌ស្លុត ហើយ​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​នាង។

47. ចូរ​យក​ដុំ​ថ្ម​គប់​នាង​ទាំង​ពីរ ចូរ​សម្លាប់​នាង​ទាំង​ពីរ ដោយ​មុខ​ដាវ ចូរ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ព្រម​ទាំង​ដុត​កម្ទេច​ផ្ទះ​របស់​នាង​ទៀត​ផង។

48. យើង​នឹង​បំបាត់​អំពើ​ប្រាស​ចាក​សីលធម៌​ឲ្យ​អស់​ពី​ក្នុង​ស្រុក។ ស្ត្រី​ទាំង​អស់​នឹង​យក​រឿង​នេះ​ទុក​ជា​មេរៀន ហើយ​មិន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដូច​នាង​ទៀត​ឡើយ។

49. នាង​ទាំង​ពីរ​នឹង​ទទួល​ទោស តាម​អំពើ​ប្រាស​ចាក​សីលធម៌ និង​អំពើ​បាប​ដែល​នាង​ប្រព្រឹត្ត​ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន»។

សូមអានជំពូកពេញលេញ អេសេ‌គាល 23