គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 23:29-39 Khmer Standard Version (KHSV)

29. ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ចិត្ត​ស្អប់ ពួក​គេ​នឹង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នាង​ខំ​ប្រឹង​រក ហើយ​ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។ មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​នាង គេ​នឹង​ដឹង​ថា​នាង​ជា​ស្រី​ពេស្យា។

30. គេ​ប្រព្រឹត្ត​ចំពោះ​នាង​ដូច្នេះ មក​ពី​នាង​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ តាម​ប្រជា‌ជាតិ​នានា ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ។

31. នាង​បាន​ដើរ​តាម​ផ្លូវ​របស់​បង​ស្រី​នាង ហេតុ​នេះ យើង​នឹង​ឲ្យ​ពែង​នៃ​ទុក្ខ​ទោស​ដល់​នាង ដូច​បង​ស្រី​របស់​នាង​ដែរ»។

32. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖«នាង​នឹង​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោសដូច​បង​ស្រី​របស់​នាងពែង​នេះ​ធំ ហើយ​ជ្រៅ​ថែម​ទៀត​ផង។មនុស្ស‌ម្នា​នឹង​សើច​ចំអក​មើល‌ងាយ​នាងព្រោះ​ពែង​នោះ​ពេញ​បរិបូណ៌។

33. នាង​នឹង​វង្វេង​ស្មារតី​ដោយ​រង​ទុក្ខ​ជា​ខ្លាំងដ្បិត​ពែង​នោះ​ជា​ពែង​នៃ​ការ​ភ័យ​ខ្លាចនិង​ការ​វិនាស​ហិន‌ហោចគឺ​ពែង​របស់​សាម៉ារី ជា​បង​ស្រី​នាង។

34. នាង​នឹង​ផឹក រហូត​ទាល់​តែ​អស់​ពី​ពែងរួច​នាង​ខាំ​បំបែក​ពែង​នោះ​ជា​ច្រើន​បំណែកហើយ​យក​អំបែង​មក​ឆូត​សាច់​ខ្លួន​ឯងដូច​យើង​បាន​និយាយ​ទុក​មែន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

35. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖«ដោយ​នាង​បាន​បំភ្លេច​យើងដោយ​នាង​បែរ​ខ្នង​ដាក់​យើងនាង​នឹង​ត្រូវ​រង​ទុក្ខ​ទោសព្រោះ​តែ​អំពើ​ថោក​ទាបនិង​អំពើ​ពេស្យា‌ចារ​របស់​ខ្លួន»។

36. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស​អូហូ‌ឡា និង​អូហូ‌លីបា​ទៅ! ចូរ​រៀប​រាប់​ឲ្យ​នាង​ទាំង​ពីរ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន

37. ដ្បិត​នាង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ទៅ​ដោយ​ឈាម។ ពួក​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ព្រម​ទាំង​យក​កូន​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង​ទៅ​ដុត សែន​ព្រះ​ទាំង​នោះ​ទៀត​ផង។

38. មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ថ្ងៃ​ដដែល​នោះ ពួក​នាង​ប្រព្រឹត្ត​អាក្រក់​ចំពោះ​យើង​ថែម​ទៀត គឺ​ធ្វើ​ឲ្យ​ទី‌សក្ការៈ​របស់​យើង​ទៅ​ជា​សៅហ្មង និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ*​របស់​យើង។

39. ក្នុង​ថ្ងៃ​តែ​មួយ ពួក​នាង​សម្លាប់​កូន​របស់​ខ្លួន​សែន​ព្រះ​ក្លែង‌ក្លាយ រួច​ចូល​ទៅ​ប្រមាថ​ទី‌សក្ការៈ​របស់​យើង។ នេះ​ហើយ​ជា​អំពើ​ដែល​ពួក​នាង​ប្រព្រឹត្ត​នៅ​ក្នុង​ដំណាក់​របស់​យើង។

សូមអានជំពូកពេញលេញ អេសេ‌គាល 23