គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 23:21-37 Khmer Standard Version (KHSV)

21. នាង​ចង់​ប្រព្រឹត្ត​អំពើ​ថោក​ទាប ដូច​នាង​ធ្លាប់​ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង គឺ​នៅ​គ្រា​ដែល​ពួក​អេស៊ីប​ប៉ះ‌ពាល់​ដើម​ទ្រូង​របស់​នាង និង​ធ្វើ​ឲ្យ​នាង​ខូច​ព្រហ្មចារី»។

22. ហេតុ​នេះ អូហូ‌លីបា​អើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​នាំ​សហាយ​របស់​នាង គឺ​អស់​អ្នក​ដែល​នាង​ស្អប់​ខ្ពើម​នោះ​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​នាំ​ពួក​គេ​មក​វាយ​ប្រហារ​នាង​ពី​គ្រប់​ទិស‌ទី។

23. ជន‌ជាតិ​បាប៊ី‌ឡូន និង​ជន‌ជាតិ​ខាល់ដេ​ទាំង​អស់ អ្នក​ស្រុក​ពេកុដ សូអា និង​កូអា ព្រម​ទាំង​ជន‌ជាតិ​អាស្ស៊ីរី​ទាំង​ប៉ុន្មាន​ក៏​លើក​គ្នា​មក​ដែរ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ពួក​គេ​សុទ្ធ​តែ​ជា​ទេសា‌ភិបាល និង​មេ​ដឹក​នាំ ជា​នាយ​ទាហាន​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​សុទ្ធ​តែ​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។

24. ពួក​គេ​លើក​គ្នា​ពី​ទិស​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោម‌ព័ទ្ធ​នាង​គ្រប់​ទិស‌ទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង​ទៅ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។

25. ដោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ យើង​នឹង​បណ្ដោយ​ឲ្យ​ពួក​គេ​ធ្វើ​បាប​នាង​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​កាត់​ច្រមុះ និង​កាត់​ត្រចៀក​នាង ព្រម​ទាំង​សម្លាប់​កូន​ចៅ​របស់​នាង ដោយ​មុខ​ដាវ ពួក​គេ​នឹង​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទៅ​ដុត​ទាំង​រស់។

26. ពួក​គេ​នឹង​យក​សម្លៀក‌បំពាក់ ព្រម​ទាំង​គ្រឿង​អលង្ការ​ចេញ​ពី​នាង។

27. យើង​នឹង​បញ្ឈប់​នាង លែង​ឲ្យ​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ​ដែល​នាង​ធ្លាប់​ប្រព្រឹត្ត តាំង​ពី​នៅ​ស្រុក​អេស៊ីប​រហូត​ត​រៀង​មក។ នាង​លែង​ជំពាក់​ចិត្ត​លើ​សហាយ​របស់​នាង ហើយ​ក៏​លែង​នឹក​នា​ដល់​ស្រុក​អេស៊ីប​ទៀត​ដែរ។

28. យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​នាង​ដឹង​ថា យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​នាង​ស្អប់ គឺ​អស់​អ្នក​ដែល​នាង​ជិន‌ណាយ។

29. ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ចិត្ត​ស្អប់ ពួក​គេ​នឹង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នាង​ខំ​ប្រឹង​រក ហើយ​ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។ មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​នាង គេ​នឹង​ដឹង​ថា​នាង​ជា​ស្រី​ពេស្យា។

30. គេ​ប្រព្រឹត្ត​ចំពោះ​នាង​ដូច្នេះ មក​ពី​នាង​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ តាម​ប្រជា‌ជាតិ​នានា ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ។

31. នាង​បាន​ដើរ​តាម​ផ្លូវ​របស់​បង​ស្រី​នាង ហេតុ​នេះ យើង​នឹង​ឲ្យ​ពែង​នៃ​ទុក្ខ​ទោស​ដល់​នាង ដូច​បង​ស្រី​របស់​នាង​ដែរ»។

32. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖«នាង​នឹង​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោសដូច​បង​ស្រី​របស់​នាងពែង​នេះ​ធំ ហើយ​ជ្រៅ​ថែម​ទៀត​ផង។មនុស្ស‌ម្នា​នឹង​សើច​ចំអក​មើល‌ងាយ​នាងព្រោះ​ពែង​នោះ​ពេញ​បរិបូណ៌។

33. នាង​នឹង​វង្វេង​ស្មារតី​ដោយ​រង​ទុក្ខ​ជា​ខ្លាំងដ្បិត​ពែង​នោះ​ជា​ពែង​នៃ​ការ​ភ័យ​ខ្លាចនិង​ការ​វិនាស​ហិន‌ហោចគឺ​ពែង​របស់​សាម៉ារី ជា​បង​ស្រី​នាង។

34. នាង​នឹង​ផឹក រហូត​ទាល់​តែ​អស់​ពី​ពែងរួច​នាង​ខាំ​បំបែក​ពែង​នោះ​ជា​ច្រើន​បំណែកហើយ​យក​អំបែង​មក​ឆូត​សាច់​ខ្លួន​ឯងដូច​យើង​បាន​និយាយ​ទុក​មែន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

35. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖«ដោយ​នាង​បាន​បំភ្លេច​យើងដោយ​នាង​បែរ​ខ្នង​ដាក់​យើងនាង​នឹង​ត្រូវ​រង​ទុក្ខ​ទោសព្រោះ​តែ​អំពើ​ថោក​ទាបនិង​អំពើ​ពេស្យា‌ចារ​របស់​ខ្លួន»។

36. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស​អូហូ‌ឡា និង​អូហូ‌លីបា​ទៅ! ចូរ​រៀប​រាប់​ឲ្យ​នាង​ទាំង​ពីរ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន

37. ដ្បិត​នាង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ទៅ​ដោយ​ឈាម។ ពួក​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ព្រម​ទាំង​យក​កូន​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង​ទៅ​ដុត សែន​ព្រះ​ទាំង​នោះ​ទៀត​ផង។

សូមអានជំពូកពេញលេញ អេសេ‌គាល 23