គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 23:18-25 Khmer Standard Version (KHSV)

18. នាង​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា ខ្លួន​ជា​ស្រី​ពេស្យា នាង​បើក​កេរ‌ខ្មាស​ឲ្យ​គេ​ឃើញ។ ហេតុ​នេះ យើង​ស្អប់​ខ្ពើម​នាង ដូច​យើង​ស្អប់​ខ្ពើម​បង​ស្រី​របស់​នាង​ដែរ។

19. កាល​នាង​នឹក​ឃើញ​គ្រា​ដែល​នាង​នៅ​ក្មេង គឺ​គ្រា​ដែល​នាង​ធ្វើ​ជា​ស្រី​ពេស្យា​នៅ​ស្រុក​អេស៊ីប នាង​រឹត​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ។

20. នាង​ឈ្លក់​ចិត្ត​នឹង​ពួក​សហាយ​របស់​នាង ដែល​មាន​សាច់​ឈាម​ដូច​សត្វ​លា និង​ពូកែ​ចែ‌ចង់​ដូច​សេះ​ឈ្មោល។

21. នាង​ចង់​ប្រព្រឹត្ត​អំពើ​ថោក​ទាប ដូច​នាង​ធ្លាប់​ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង គឺ​នៅ​គ្រា​ដែល​ពួក​អេស៊ីប​ប៉ះ‌ពាល់​ដើម​ទ្រូង​របស់​នាង និង​ធ្វើ​ឲ្យ​នាង​ខូច​ព្រហ្មចារី»។

22. ហេតុ​នេះ អូហូ‌លីបា​អើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​នាំ​សហាយ​របស់​នាង គឺ​អស់​អ្នក​ដែល​នាង​ស្អប់​ខ្ពើម​នោះ​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​នាំ​ពួក​គេ​មក​វាយ​ប្រហារ​នាង​ពី​គ្រប់​ទិស‌ទី។

23. ជន‌ជាតិ​បាប៊ី‌ឡូន និង​ជន‌ជាតិ​ខាល់ដេ​ទាំង​អស់ អ្នក​ស្រុក​ពេកុដ សូអា និង​កូអា ព្រម​ទាំង​ជន‌ជាតិ​អាស្ស៊ីរី​ទាំង​ប៉ុន្មាន​ក៏​លើក​គ្នា​មក​ដែរ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ពួក​គេ​សុទ្ធ​តែ​ជា​ទេសា‌ភិបាល និង​មេ​ដឹក​នាំ ជា​នាយ​ទាហាន​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​សុទ្ធ​តែ​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។

24. ពួក​គេ​លើក​គ្នា​ពី​ទិស​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោម‌ព័ទ្ធ​នាង​គ្រប់​ទិស‌ទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង​ទៅ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។

25. ដោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ យើង​នឹង​បណ្ដោយ​ឲ្យ​ពួក​គេ​ធ្វើ​បាប​នាង​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​កាត់​ច្រមុះ និង​កាត់​ត្រចៀក​នាង ព្រម​ទាំង​សម្លាប់​កូន​ចៅ​របស់​នាង ដោយ​មុខ​ដាវ ពួក​គេ​នឹង​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទៅ​ដុត​ទាំង​រស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 23