ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 23 Khmer Standard Version (KHSV)

អំពើ​បាប​របស់​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ មាន​ស្ត្រី​ពីរ​នាក់​ជា​បង‌ប្អូន​បង្កើត។

3. កាល​នៅ​ពី​ក្មេង នាង​ទាំង​ពីរ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ហើយ​បាន​ខូច​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។

4. នាង​បង​ឈ្មោះ អូហូ‌ឡា នាង​ប្អូន​ឈ្មោះ អូហូ‌លីបា។ ពី​មុន​នាង​ទាំង​ពីរ​ជា​ភរិយា​របស់​យើង នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។ អូហូ‌ឡា​គឺ​ក្រុង​សាម៉ារី រីឯ​អូហូ‌លីបា​គឺ​ក្រុង​យេរូ‌សាឡឹម។

5. អូហូ‌ឡា​បាន​ក្បត់​ចិត្ត​យើង​ទៅ​ប្រព្រឹត្ត​ពេស្យា‌ចារ ហើយ​បែរ​ទៅ​សហាយ‌ស្មន់​ជា​មួយ​ពួក​អាស្ស៊ីរី​ជា​ទាហាន

6. ដែល​ស្លៀក​ពាក់​ក្រណាត់​ពណ៌​ស្វាយ​ជា​ទេសា‌ភិបាល និង​ចៅ‌ក្រម។ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ហើយ​សុទ្ធ‌សឹង​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។

7. នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​វីរ‌បុរស​អាស្ស៊ីរី​ទាំង​នោះ។ ពេល​នាង​ខូច​ខ្លួន​ជា​មួយ​សហាយ​ទាំង​ប៉ុន្មាន​របស់​នាង នាង​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។

8. នាង​ពុំ​បាន​លះ‌បង់​អំពើ​ពេស្យា‌ចារ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត តាំង​ពី​នៅ​ស្រុក​អេស៊ីប​នោះ​ឡើយ កាល​នៅ​ពី​ក្មេង នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប្រុសៗ ពួក​គេ​បង្ខូច​ព្រហ្មចារី​របស់​នាង​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។

9. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សហាយ​នាង គឺ​ជន‌ជាតិ​អាស្ស៊ីរី​ដែល​នាង​ឈ្លក់​ចិត្ត​ជា​ខ្លាំង​នោះ។

10. ពួក​គេ​ធ្វើ​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ពួក​គេ​ចាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ប្រហារ​ជីវិត​នាង​ដោយ​មុខ​ដាវ។ ពួក​គេ​ដាក់​ទោស​នាង ទុក​ជា​មេរៀន​ដល់​ស្ត្រី​ឯ​ទៀតៗ។

11. ពេល​អូហូ‌លីបា​ជា​ប្អូន​ឃើញ​ដូច្នេះ នាង​មាន​តណ្ហា​អាក្រក់​ខ្លាំង​ជាង​បង​ទៅ​ទៀត។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​អាក្រក់​លើស​បង​របស់​ខ្លួន។

12. នាង​ឈ្លក់​ចិត្ត​នឹង​ជន‌ជាតិ​អាស្ស៊ីរី ជា​ទាហាន ទេសា‌ភិបាល និង​ចៅ‌ក្រម។ អ្នក​ទាំង​នោះ​ស្លៀក​ពាក់​យ៉ាង​ស្អាត ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា។

13. យើង​ឃើញ​នាង​ខូច​ខ្លួន ទាំង​បង ទាំង​ប្អូន ដើរ​តាម​ផ្លូវ​តែ​មួយ។

14. នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​បែប​នេះ​ហើយ នៅ​តែ​មិន​អស់​ចិត្ត​ទៀត។ នាង​ឃើញ​រូប​ប្រុសៗ​ដែល​គេ​ឆ្លាក់​នៅ​តាម​ជញ្ជាំង គឺ​រូប​ចម្លាក់​របស់​ជន‌ជាតិ​ខាល់ដេ គូរ​ដោយ​ពណ៌​ក្រហម

15. មាន​ខ្សែ​ក្រវាត់​នៅ​ជុំ‌វិញ​ចង្កេះ មាន​ឆ្នួត​ដ៏​ឆើត‌ឆាយ​រុំ​ជុំ‌វិញ​ក្បាល។ រូប​ទាំង​នោះ​មាន​ទំនង​ជា​មេ​ដឹក​នាំ និង​មាន​ទ្រង់‌ទ្រាយ​ជា​ជន‌ជាតិ​បាប៊ី‌ឡូន​នៅ​ស្រុក​ខាល់ដេ ដែល​ជា​មាតុ‌ភូមិ​របស់​ពួក​គេ។

16. ពេល​ឃើញ​រូប​ទាំង​នោះ នាង​ចាប់​ចិត្ត​ស្នេហា​ភ្លាម ហើយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​ខាល់ដេ។

17. ជន‌ជាតិ​បាប៊ី‌ឡូន​នាំ​គ្នា​មក​រក​នាង ដើម្បី​រួម​ដំណេក​ជា​មួយ​នាង ហើយ​បង្ខូច​នាង​ឲ្យ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។ នាង​បាន​ខូច​ខ្លួន​ជា​មួយ​ពួក​គេ រហូត​ដល់​នាង​ស្អប់​ខ្ពើម​ពួក​គេ។

18. នាង​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា ខ្លួន​ជា​ស្រី​ពេស្យា នាង​បើក​កេរ‌ខ្មាស​ឲ្យ​គេ​ឃើញ។ ហេតុ​នេះ យើង​ស្អប់​ខ្ពើម​នាង ដូច​យើង​ស្អប់​ខ្ពើម​បង​ស្រី​របស់​នាង​ដែរ។

19. កាល​នាង​នឹក​ឃើញ​គ្រា​ដែល​នាង​នៅ​ក្មេង គឺ​គ្រា​ដែល​នាង​ធ្វើ​ជា​ស្រី​ពេស្យា​នៅ​ស្រុក​អេស៊ីប នាង​រឹត​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ។

20. នាង​ឈ្លក់​ចិត្ត​នឹង​ពួក​សហាយ​របស់​នាង ដែល​មាន​សាច់​ឈាម​ដូច​សត្វ​លា និង​ពូកែ​ចែ‌ចង់​ដូច​សេះ​ឈ្មោល។

21. នាង​ចង់​ប្រព្រឹត្ត​អំពើ​ថោក​ទាប ដូច​នាង​ធ្លាប់​ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង គឺ​នៅ​គ្រា​ដែល​ពួក​អេស៊ីប​ប៉ះ‌ពាល់​ដើម​ទ្រូង​របស់​នាង និង​ធ្វើ​ឲ្យ​នាង​ខូច​ព្រហ្មចារី»។

22. ហេតុ​នេះ អូហូ‌លីបា​អើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​នាំ​សហាយ​របស់​នាង គឺ​អស់​អ្នក​ដែល​នាង​ស្អប់​ខ្ពើម​នោះ​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​នាំ​ពួក​គេ​មក​វាយ​ប្រហារ​នាង​ពី​គ្រប់​ទិស‌ទី។

23. ជន‌ជាតិ​បាប៊ី‌ឡូន និង​ជន‌ជាតិ​ខាល់ដេ​ទាំង​អស់ អ្នក​ស្រុក​ពេកុដ សូអា និង​កូអា ព្រម​ទាំង​ជន‌ជាតិ​អាស្ស៊ីរី​ទាំង​ប៉ុន្មាន​ក៏​លើក​គ្នា​មក​ដែរ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ពួក​គេ​សុទ្ធ​តែ​ជា​ទេសា‌ភិបាល និង​មេ​ដឹក​នាំ ជា​នាយ​ទាហាន​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​សុទ្ធ​តែ​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។

24. ពួក​គេ​លើក​គ្នា​ពី​ទិស​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោម‌ព័ទ្ធ​នាង​គ្រប់​ទិស‌ទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង​ទៅ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។

25. ដោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ យើង​នឹង​បណ្ដោយ​ឲ្យ​ពួក​គេ​ធ្វើ​បាប​នាង​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​កាត់​ច្រមុះ និង​កាត់​ត្រចៀក​នាង ព្រម​ទាំង​សម្លាប់​កូន​ចៅ​របស់​នាង ដោយ​មុខ​ដាវ ពួក​គេ​នឹង​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទៅ​ដុត​ទាំង​រស់។

26. ពួក​គេ​នឹង​យក​សម្លៀក‌បំពាក់ ព្រម​ទាំង​គ្រឿង​អលង្ការ​ចេញ​ពី​នាង។

27. យើង​នឹង​បញ្ឈប់​នាង លែង​ឲ្យ​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ​ដែល​នាង​ធ្លាប់​ប្រព្រឹត្ត តាំង​ពី​នៅ​ស្រុក​អេស៊ីប​រហូត​ត​រៀង​មក។ នាង​លែង​ជំពាក់​ចិត្ត​លើ​សហាយ​របស់​នាង ហើយ​ក៏​លែង​នឹក​នា​ដល់​ស្រុក​អេស៊ីប​ទៀត​ដែរ។

28. យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​នាង​ដឹង​ថា យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​នាង​ស្អប់ គឺ​អស់​អ្នក​ដែល​នាង​ជិន‌ណាយ។

29. ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ចិត្ត​ស្អប់ ពួក​គេ​នឹង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នាង​ខំ​ប្រឹង​រក ហើយ​ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។ មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​នាង គេ​នឹង​ដឹង​ថា​នាង​ជា​ស្រី​ពេស្យា។

30. គេ​ប្រព្រឹត្ត​ចំពោះ​នាង​ដូច្នេះ មក​ពី​នាង​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ តាម​ប្រជា‌ជាតិ​នានា ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ។

31. នាង​បាន​ដើរ​តាម​ផ្លូវ​របស់​បង​ស្រី​នាង ហេតុ​នេះ យើង​នឹង​ឲ្យ​ពែង​នៃ​ទុក្ខ​ទោស​ដល់​នាង ដូច​បង​ស្រី​របស់​នាង​ដែរ»។

32. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖«នាង​នឹង​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោសដូច​បង​ស្រី​របស់​នាងពែង​នេះ​ធំ ហើយ​ជ្រៅ​ថែម​ទៀត​ផង។មនុស្ស‌ម្នា​នឹង​សើច​ចំអក​មើល‌ងាយ​នាងព្រោះ​ពែង​នោះ​ពេញ​បរិបូណ៌។

33. នាង​នឹង​វង្វេង​ស្មារតី​ដោយ​រង​ទុក្ខ​ជា​ខ្លាំងដ្បិត​ពែង​នោះ​ជា​ពែង​នៃ​ការ​ភ័យ​ខ្លាចនិង​ការ​វិនាស​ហិន‌ហោចគឺ​ពែង​របស់​សាម៉ារី ជា​បង​ស្រី​នាង។

34. នាង​នឹង​ផឹក រហូត​ទាល់​តែ​អស់​ពី​ពែងរួច​នាង​ខាំ​បំបែក​ពែង​នោះ​ជា​ច្រើន​បំណែកហើយ​យក​អំបែង​មក​ឆូត​សាច់​ខ្លួន​ឯងដូច​យើង​បាន​និយាយ​ទុក​មែន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

35. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖«ដោយ​នាង​បាន​បំភ្លេច​យើងដោយ​នាង​បែរ​ខ្នង​ដាក់​យើងនាង​នឹង​ត្រូវ​រង​ទុក្ខ​ទោសព្រោះ​តែ​អំពើ​ថោក​ទាបនិង​អំពើ​ពេស្យា‌ចារ​របស់​ខ្លួន»។

ការ​វិនិច្ឆ័យ​ទោស​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម

36. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស​អូហូ‌ឡា និង​អូហូ‌លីបា​ទៅ! ចូរ​រៀប​រាប់​ឲ្យ​នាង​ទាំង​ពីរ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន

37. ដ្បិត​នាង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ទៅ​ដោយ​ឈាម។ ពួក​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ព្រម​ទាំង​យក​កូន​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង​ទៅ​ដុត សែន​ព្រះ​ទាំង​នោះ​ទៀត​ផង។

38. មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ថ្ងៃ​ដដែល​នោះ ពួក​នាង​ប្រព្រឹត្ត​អាក្រក់​ចំពោះ​យើង​ថែម​ទៀត គឺ​ធ្វើ​ឲ្យ​ទី‌សក្ការៈ​របស់​យើង​ទៅ​ជា​សៅហ្មង និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ*​របស់​យើង។

39. ក្នុង​ថ្ងៃ​តែ​មួយ ពួក​នាង​សម្លាប់​កូន​របស់​ខ្លួន​សែន​ព្រះ​ក្លែង‌ក្លាយ រួច​ចូល​ទៅ​ប្រមាថ​ទី‌សក្ការៈ​របស់​យើង។ នេះ​ហើយ​ជា​អំពើ​ដែល​ពួក​នាង​ប្រព្រឹត្ត​នៅ​ក្នុង​ដំណាក់​របស់​យើង។

40. លើស​ពី​នេះ ពួក​នាង​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​រក​ប្រុសៗ​នៅ​ស្រុក​ឆ្ងាយ និង​ហៅ​គេ​ឲ្យ​មក។ អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​មក។ នាង​ងូត​ទឹក ដើម្បី​ទទួល​ពួក​គេ ដោយ​ផាត់​ម្សៅ និង​ពាក់​គ្រឿង​អលង្ការ​ទៀត​ផង។

41. នាង​អង្គុយ​នៅ​លើ​គ្រែ​តាក់​តែង​យ៉ាង​ស្អាត នៅ​មុខ​មាន​តុ​មួយ​ដែល​នាង​យក​គ្រឿង​ក្រអូប និង​ប្រេង​របស់​យើង​មក​ដាក់​ទទួល​ពួក​គេ។

42. សម្រែក​របស់​មនុស្ស​ដ៏​ច្រើន​កុះ‌ករ ដែល​គ្មាន​កង្វល់​អ្វី បាន​លាន់​ឮ​ឡើង ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​មនុស្ស​មួយ​ចំនួន​ដែល​មក​ពី​គ្រប់​ទិស​តំបន់​នៃ​វាល​រហោ‌ស្ថាន គេ​បាន​ពាក់​កង‌ដៃ​ឲ្យ​នាង​ទាំង​ពីរ និង​ពាក់​មកុដ​ដ៏​ល្អ​ប្រណីត​នៅ​លើ​ក្បាល​ផង។

43. ពេល​នោះ យើង​ក៏​ឧទាន​ឡើង​ថា “មើល​ចុះ សូម្បី​ស្រី​ដែល​បាត់​បង់​សម្ផស្ស​ដោយ‌សារ​អំពើ​ពេស្យា‌ចារ ក៏​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ!”។

44. ពួក​គេ​ទៅ​រក​នាង ដូច​ទៅ​រក​ស្រី​ពេស្យា គឺ​ពួក​គេ​ទៅ​រក​នាង​អូហូ‌ឡា និង​នាង​អូហូ‌លីបា ជា​ស្រី​ថោក​ទាប។

45. ប៉ុន្តែ មនុស្ស​សុចរិត​នឹង​វិនិច្ឆ័យ​ទោស​ស្រី​ទាំង​ពីរ​នោះ ដូច​គេ​វិនិច្ឆ័យ​ទោស​ស្រី​ផិត​ក្បត់ និង​ស្រី​ដែល​សម្លាប់​គេ ដ្បិត​នាង​ទាំង​ពីរ​ជា​ស្រី​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ដោយ​ឈាម»។

46. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​កោះ​ហៅ​មនុស្ស‌ម្នា​ឲ្យ​មក​ជួប‌ជុំ​គ្នា​ប្រឆាំង​នឹង​នាង​ទាំង​ពីរ។ យើង​នឹង​ធ្វើ​ឲ្យ​នាង​ភ័យ​តក់‌ស្លុត ហើយ​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​នាង។

47. ចូរ​យក​ដុំ​ថ្ម​គប់​នាង​ទាំង​ពីរ ចូរ​សម្លាប់​នាង​ទាំង​ពីរ ដោយ​មុខ​ដាវ ចូរ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ព្រម​ទាំង​ដុត​កម្ទេច​ផ្ទះ​របស់​នាង​ទៀត​ផង។

48. យើង​នឹង​បំបាត់​អំពើ​ប្រាស​ចាក​សីលធម៌​ឲ្យ​អស់​ពី​ក្នុង​ស្រុក។ ស្ត្រី​ទាំង​អស់​នឹង​យក​រឿង​នេះ​ទុក​ជា​មេរៀន ហើយ​មិន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដូច​នាង​ទៀត​ឡើយ។

49. នាង​ទាំង​ពីរ​នឹង​ទទួល​ទោស តាម​អំពើ​ប្រាស​ចាក​សីលធម៌ និង​អំពើ​បាប​ដែល​នាង​ប្រព្រឹត្ត​ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន»។