គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 22:25-31 Khmer Standard Version (KHSV)

25. ព្យាការី​របស់​អ្នក​ឃុប‌ឃិត​គ្នា​នៅ​ក្នុង​ក្រុង​នេះ ដូច​សិង្ហ​គ្រហឹម​បម្រុង​ហែក​រំពា​ស៊ី។ ពួក​គេ​ប្រហារ​ជីវិត​មនុស្ស ដើម្បី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​របស់​របរ​ដ៏​មាន​តម្លៃ ពួក​គេ​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​កើន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ទីក្រុង។

26. បូជា‌ចារ្យ​របស់​អ្នក នាំ​គ្នា​បំពាន​លើ​ក្រឹត្យ‌វិន័យ​របស់​យើង និង​បន្ថោក​ទី‌សក្ការៈ​របស់​យើង។ ពួក​គេ​មិន​ចេះ​សម្គាល់​មើល​ថា អ្វី​វិសុទ្ធ*​ឬ​មិន​វិសុទ្ធ ហើយ​ក៏​មិន​បង្រៀន​ប្រជា‌ជន​ឲ្យ​ស្គាល់​អ្វី​បរិសុទ្ធ* និង​អ្វី​មិន​បរិសុទ្ធ​ដែរ។ ពួក​គេ​មិន​រវី‌រវល់​នឹង​ថ្ងៃ​សប្ប័ទ*​របស់​យើង​ទេ ដូច្នេះ នៅ​ក្រុង​យេរូ‌សាឡឹម​គ្មាន​នរណា​គោរព​យើង​ទៀត​ឡើយ។

27. មេ​ដឹក​នាំ​របស់​ក្រុង​នេះ​ប្រៀប​បាន​នឹង​ចចក​ដែល​ហែក​រំពា​ស៊ី គឺ​ពួក​គេ​នាំ​គ្នា​បង្ហូរ​ឈាម និង​ប្រហារ​ជីវិត​មនុស្ស​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ។

28. ព្យាការី​របស់​គេ​ជា​មនុស្ស​លាក់​ពុត គឺ​ប្រកាស​អំពី​និមិត្ត‌ហេតុ​ក្លែង‌ក្លាយ និង​ការ​ទស្សន៍‌ទាយ​បោក​ប្រាស់។ ពួក​គេ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ” តែ​ព្រះ‌អម្ចាស់​ឥត​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​គេ​ឡើយ។

29. ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នេះ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ លួច​ប្លន់ និង​កេង‌ប្រវ័ញ្ច​ជន​កំសត់​ទុគ៌ត ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​បរទេស​ដោយ​អយុត្តិ‌ធម៌។

30. យើង​ស្វែង​រក​ក្នុង​ចំណោម​ពួក​គេ ក្រែង​លោ​ឃើញ​នរណា​ម្នាក់​មាន​គំនិត​សង់​កំពែង​ការពារ​ក្រុង ហើយ​ឈរ​នៅ​ចំពោះ​មុខ​យើង​ត្រង់​កន្លែង​បាក់​បែក ដើម្បី​ការពារ​ស្រុក​ទេស​កុំ​ឲ្យ​វិនាស តែ​យើង​រក​ពុំ​បាន​សោះ។

31. ដូច្នេះ យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ ភ្លើង​នៃ​កំហឹង​របស់​យើង​ផ្ដន្ទា​ទោស​ពួក​គេ។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 22