គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 22:12-31 Khmer Standard Version (KHSV)

12. អ្នក​ខ្លះ​ទទួល​សំណូក ដើម្បី​ធ្វើ​ឃាត​គេ ពួក​គេ​ទារ​ការ​ប្រាក់​ហួស​កម្រិត សង្កត់‌សង្កិន ជំរិត​យក​ប្រាក់​គ្នា។ យេរូ‌សាឡឹម​អើយ អ្នក​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

13. យើង​នឹង​ទះ​ដៃ​ដោយ​កំហឹង​ដាក់​ក្រុង​នេះ ព្រោះ​តែ​ពួក​គេ​ជំរិត​ជិះ‌ជាន់ និង​ប្រហារ​ជីវិត​គ្នា។

14. យេរូ‌សាឡឹម​អើយ នៅ​គ្រា​យើង​ដាក់​ទោស​អ្នក តើ​អ្នក​មាន​កម្លាំង​កាយ កម្លាំង​ចិត្ត​ទ្រាំ‌ទ្រ​បាន​ឬ​ទេ? យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​សម្រេច​យ៉ាង​នោះ។

15. យើង​នឹង​បំបែក​ប្រជា‌ជន​របស់​អ្នក ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​កំចាត់‌កំចាយ​ប្រជា‌ជន​របស់​អ្នក​ឲ្យ​ទៅ​នៅ​តាម​ស្រុក​នានា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​ប្រព្រឹត្ត​អំពើ​សៅហ្មង​ទៀត។

16. អ្នក​បង្អាប់‌បង្អោន​កិត្តិយស​ខ្លួន​ឯង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

18. «កូន​មនុស្ស​អើយ ពូជ‌ពង្ស​អ៊ីស្រា‌អែល​លែង​មាន​តម្លៃ​អ្វី​សម្រាប់​យើង​ទៀត​ហើយ ពួក​គេ​ប្រៀប​ដូច​ជា​លោហ‌ធាតុ​ដែល​មិន​សុទ្ធ គឺ​ប្រាក់ លង្ហិន ស្ពាន់ ដែក និង​សំណ ដែល​ត្រូវ​ដាក់​ក្នុង​ឡ»។

19. ហេតុ​នេះ​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​លោហ‌ធាតុ​មិន​សុទ្ធ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ដាក់​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។

20. យើង​នឹង​គរ​អ្នក​រាល់​គ្នា​ដុត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង ដូច​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស្ពាន់​មក​ដាក់​ជា​គំនរ ដុត​រំលាយ​នៅ​ក្នុង​ភ្លើង​យ៉ាង​នោះ​ដែរ។

21. យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​ជា​គំនរ រួច​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង ដុត​អ្នក​រាល់​គ្នា​ឲ្យ​រលាយ​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។

22. អ្នក​រាល់​គ្នា​នឹង​រលាយ​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម ដូច​ប្រាក់​រលាយ​នៅ​ក្នុង​ឡ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ យើង​បាន​ជះ​កំហឹង​របស់​យើង​លើ​អ្នក​រាល់​គ្នា»។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

24. «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ក្រុង​យេរូ‌សាឡឹម​ទៀត​ថា: អ្នក​ជា​ទឹក​ដី​មិន​បរិសុទ្ធ ជា​ដី​ដែល​គ្មាន​ភ្លៀង​ស្រោច​ស្រព នៅ​ថ្ងៃ​យើង​ខឹង។

25. ព្យាការី​របស់​អ្នក​ឃុប‌ឃិត​គ្នា​នៅ​ក្នុង​ក្រុង​នេះ ដូច​សិង្ហ​គ្រហឹម​បម្រុង​ហែក​រំពា​ស៊ី។ ពួក​គេ​ប្រហារ​ជីវិត​មនុស្ស ដើម្បី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​របស់​របរ​ដ៏​មាន​តម្លៃ ពួក​គេ​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​កើន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ទីក្រុង។

26. បូជា‌ចារ្យ​របស់​អ្នក នាំ​គ្នា​បំពាន​លើ​ក្រឹត្យ‌វិន័យ​របស់​យើង និង​បន្ថោក​ទី‌សក្ការៈ​របស់​យើង។ ពួក​គេ​មិន​ចេះ​សម្គាល់​មើល​ថា អ្វី​វិសុទ្ធ*​ឬ​មិន​វិសុទ្ធ ហើយ​ក៏​មិន​បង្រៀន​ប្រជា‌ជន​ឲ្យ​ស្គាល់​អ្វី​បរិសុទ្ធ* និង​អ្វី​មិន​បរិសុទ្ធ​ដែរ។ ពួក​គេ​មិន​រវី‌រវល់​នឹង​ថ្ងៃ​សប្ប័ទ*​របស់​យើង​ទេ ដូច្នេះ នៅ​ក្រុង​យេរូ‌សាឡឹម​គ្មាន​នរណា​គោរព​យើង​ទៀត​ឡើយ។

27. មេ​ដឹក​នាំ​របស់​ក្រុង​នេះ​ប្រៀប​បាន​នឹង​ចចក​ដែល​ហែក​រំពា​ស៊ី គឺ​ពួក​គេ​នាំ​គ្នា​បង្ហូរ​ឈាម និង​ប្រហារ​ជីវិត​មនុស្ស​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ។

28. ព្យាការី​របស់​គេ​ជា​មនុស្ស​លាក់​ពុត គឺ​ប្រកាស​អំពី​និមិត្ត‌ហេតុ​ក្លែង‌ក្លាយ និង​ការ​ទស្សន៍‌ទាយ​បោក​ប្រាស់។ ពួក​គេ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ” តែ​ព្រះ‌អម្ចាស់​ឥត​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​គេ​ឡើយ។

29. ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នេះ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ លួច​ប្លន់ និង​កេង‌ប្រវ័ញ្ច​ជន​កំសត់​ទុគ៌ត ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​បរទេស​ដោយ​អយុត្តិ‌ធម៌។

30. យើង​ស្វែង​រក​ក្នុង​ចំណោម​ពួក​គេ ក្រែង​លោ​ឃើញ​នរណា​ម្នាក់​មាន​គំនិត​សង់​កំពែង​ការពារ​ក្រុង ហើយ​ឈរ​នៅ​ចំពោះ​មុខ​យើង​ត្រង់​កន្លែង​បាក់​បែក ដើម្បី​ការពារ​ស្រុក​ទេស​កុំ​ឲ្យ​វិនាស តែ​យើង​រក​ពុំ​បាន​សោះ។

31. ដូច្នេះ យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ ភ្លើង​នៃ​កំហឹង​របស់​យើង​ផ្ដន្ទា​ទោស​ពួក​គេ។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 22