គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 22:1-16 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស! ចូរ​វិនិច្ឆ័យ​ទោស​ក្រុង​ដែល​ពោរ‌ពេញ​ដោយ​ឃាត‌កម្ម​នេះ​ទៅ! ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ខ្លួន។

3. ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ប្រជា‌ជន​នៅ​ក្រុង​នេះ​កាប់​សម្លាប់​គ្នា និង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែល​ពួក​គេ​បាន​សូន ថ្ងៃ​កំណត់​របស់​ពួក​គេ​មក​ដល់​ហើយ។

4. យេរូ‌សាឡឹម​អើយ អ្នក​មាន​ទោស ព្រោះ​តែ​ការ​កាប់​សម្លាប់​គ្នា និង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែល​អ្នក​បាន​សូន។ អ្នក​ធ្វើ​ឲ្យ​ខ្លួន​មាន​អាយុ​ខ្លី ជីវិត​អ្នក​ជិត​ដល់​ទី​បញ្ចប់​ហើយ។ ហេតុ​នេះ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បន្ទាប​បន្ថោក ហើយ​មនុស្ស‌ម្នា​គ្រប់​ស្រុក​នឹង​មើល‌ងាយ​អ្នក។

5. សាសន៍​ដទៃ​ទាំង​ជិត​ទាំង​ឆ្ងាយ​នាំ​គ្នា​មើល‌ងាយ​អ្នក ដ្បិត​អ្នក​បន្ថោក​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង និង​បំពាន​លើ​វិន័យ​យ៉ាង​ធ្ងន់‌ធ្ងរ។

6. មេ​ដឹក​នាំ​អ៊ីស្រា‌អែល​ប្រើ​កម្លាំង​របស់​ខ្លួន​បង្ហូរ​ឈាម​គេ​នៅ​ក្នុង​ក្រុង​នេះ។

7. ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាក់‌ងាយ​ឪពុក‌ម្ដាយ ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ទៅ​លើ​ជន​បរទេស ព្រម​ទាំង​កេង‌ប្រវ័ញ្ច​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។

8. ពួក​គេ​មើល‌ងាយ​ទី‌សក្ការៈ និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ*​របស់​យើង។

9. នៅ​ក្រុង​នេះ​មាន​មនុស្ស​និយាយ​មួល​បង្កាច់ ដើម្បី​រក​លេស​សម្លាប់​គ្នា។ ពួក​គេ​បរិភោគ​សំណែន​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ភ្នំ​នានា ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​ទៀត​ផង។

10. អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ពួក​គេ​បង្ខំ​ស្ត្រី​ដែល​កំពុង​មាន​រដូវ​ឲ្យ​រួម​ដំណេក​ជា​មួយ​ខ្លួន។

11. អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​គេ អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​កូន​ប្រសា​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​រំលោភ​លើ​ប្អូន​ស្រី​របស់​ខ្លួន គឺ​កូន​កើត​ពី​ម្ដាយ​ទី‌ទៃ។

12. អ្នក​ខ្លះ​ទទួល​សំណូក ដើម្បី​ធ្វើ​ឃាត​គេ ពួក​គេ​ទារ​ការ​ប្រាក់​ហួស​កម្រិត សង្កត់‌សង្កិន ជំរិត​យក​ប្រាក់​គ្នា។ យេរូ‌សាឡឹម​អើយ អ្នក​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

13. យើង​នឹង​ទះ​ដៃ​ដោយ​កំហឹង​ដាក់​ក្រុង​នេះ ព្រោះ​តែ​ពួក​គេ​ជំរិត​ជិះ‌ជាន់ និង​ប្រហារ​ជីវិត​គ្នា។

14. យេរូ‌សាឡឹម​អើយ នៅ​គ្រា​យើង​ដាក់​ទោស​អ្នក តើ​អ្នក​មាន​កម្លាំង​កាយ កម្លាំង​ចិត្ត​ទ្រាំ‌ទ្រ​បាន​ឬ​ទេ? យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​សម្រេច​យ៉ាង​នោះ។

15. យើង​នឹង​បំបែក​ប្រជា‌ជន​របស់​អ្នក ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​កំចាត់‌កំចាយ​ប្រជា‌ជន​របស់​អ្នក​ឲ្យ​ទៅ​នៅ​តាម​ស្រុក​នានា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​ប្រព្រឹត្ត​អំពើ​សៅហ្មង​ទៀត។

16. អ្នក​បង្អាប់‌បង្អោន​កិត្តិយស​ខ្លួន​ឯង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

សូមអានជំពូកពេញលេញ អេសេ‌គាល 22