គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 21:16-30 Khmer Standard Version (KHSV)

16. ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង!ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង!តម្រង់​ទៅ​គ្រប់​ទិស‌ទី!

17. ចំណែក​ឯ​យើង​វិញ យើង​ក៏​នឹង​ទះ​ដៃ​ដែររហូត​ទាល់​តែ​ស្ងប់​កំហឹង​របស់​យើងនេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះ‌អម្ចាស់»។

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

19. «កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សម្រាប់​ដាវ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សម្គាល់​នៅ​មាត់​ផ្លូវ ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។

20. ចូរ​គូរ​ផ្លូវ​មួយ នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបាត ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។

21. ពេល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់‌គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ ដោយ​អង្រួន​ព្រួញ​ផ្សង និង​សួរ​គ្រូ។

22. ដៃ​ស្ដាំ​របស់​ស្ដេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល ទាំង​ស្រែក​ហ៊ោ។ គេ​តំរៀប​គ្រឿង​សស្ត្រា‌វុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សម្រាប់​វាយ​លុក ព្រម​ទាំង​សង់​លេណ‌ដ្ឋាន​ទៀត​ផង។

23. ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​មិន​ចង់​ជឿ​ប្រផ្នូល​នេះ​ទេ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​កិច្ច​សន្យា។ ប៉ុន្តែ ស្ដេច​ស្រុក​បាប៊ី‌ឡូន​រំឭក​ពួក​គេ​អំពី​កំហុស​របស់​ខ្លួន ហើយ​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​សឹក»។

24. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹក​ឃើញ​កំហុស​របស់​ខ្លួន ហើយ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​អំពើ​បាប​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ អ្នក​រាល់​គ្នា​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ​មិន​ខាន។

25. ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។

26. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គេ​នឹង​យក​ឆ្នួត​ចេញ​ពី​ក្បាល​អ្នក គេ​នឹង​ដក​មកុដ​រាជ្យ​ចេញ​ពី​អ្នក។ សភាព‌ការណ៍​នឹង​ផ្លាស់​ប្រែ គឺ​មនុស្ស​ទន់‌ទាប​នឹង​ត្រូវ​គេ​លើក​តម្កើង រីឯ​អ្នក​ខ្ពង់‌ខ្ពស់​នឹង​ត្រូវ​គេ​បន្ទាប​ចុះ​វិញ។

27. ការ​វិនាស​នឹង​កើត​មាន​ផ្ទួនៗ​គ្នា គឺ​យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​វិនាស។ ប៉ុន្តែ មិន​មែន​មុន​ការ​មក​ដល់​របស់​អ្នក ដែល​យើង​ប្រគល់​អំណាច​ឲ្យ​ដាក់​ទោស​ក្រុង​នេះ​ឡើយ។

28. កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ទៅ! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន ដែល​បាន​ប្រមាថ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ: “ដាវ! ដាវ​ដក​ចេញ​ពី​ស្រោម ហើយ​ខាត់​យ៉ាង​រលោង ចាំង​ពន្លឺ​ដូច​ផ្លេក​បន្ទោរ សម្រាប់​សម្លាប់​រង្គាល និង​ផ្ដាច់​ជីវិត។

29. ពេល​អ្នក​អះ‌អាង​លើ​និមិត្ត‌ហេតុ​បោក​ប្រាស់ និង​ការ​ទស្សន៍‌ទាយ​បោក​បញ្ឆោត គេ​នឹង​ត្រៀម​ដាវ​កាត់​ក​អ្នក​ដែល​ជា​មនុស្ស​ទុច្ចរិត និង​ជា​មនុស្ស​អាក្រក់ ព្រោះ​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!។

30. ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ​ទៅ។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក នៅ​កន្លែង​ដែល​អ្នក​កើត គឺ​ស្រុក​កំណើត​របស់​អ្នក។

សូមអានជំពូកពេញលេញ អេសេ‌គាល 21