គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 20:6-14 Khmer Standard Version (KHSV)

6. នៅ​ថ្ងៃ​នោះ យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ឆ្ពោះ​ទៅ​កាន់​ស្រុក​មួយ ដែល​យើង​ជ្រើស​រើស​សម្រាប់​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។

7. យើង​បាន​ប្រាប់​ពួក​គេ​ថា “ម្នាក់ៗ​ត្រូវ​បោះ​បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ទាក់‌ទាញ​ចិត្ត​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​អេស៊ីប​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។

8. ប៉ុន្តែ ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ គឺ​គ្មាន​នរណា​ម្នាក់​លះ‌បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ទាក់‌ទាញ​ចិត្ត​ពួក​គេ​នោះ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ព្រម​បោះ​បង់​ព្រះ​ក្លែង‌ក្លាយ​នៃ​ស្រុក​អេស៊ីប​ដែរ។ នៅ​ស្រុក​អេស៊ីប​នោះ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​តាម​កំហឹង​របស់​យើង រហូត​ទាល់​តែ​ចប់​ចុង​ចប់​ដើម។

9. ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​រស់​នៅ​ជា​មួយ។ យើង​បាន​សម្តែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្គាល់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង​នោះ ដោយ​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

10. យើង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ព្រម​ទាំង​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន​ទៀត​ផង។

11. យើង​បាន​ប្រគល់​ច្បាប់​ឲ្យ​ពួក​គេ និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។

12. យើង​ក៏​តាំង​ឲ្យ​មាន​ថ្ងៃ​សប្ប័ទ*​ទុក​ជា​ទី​សម្គាល់​សម្រាប់​យើង និង​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ពួក​គេ​ឲ្យ​វិសុទ្ធ*។

13. នៅ​វាល​រហោ‌ស្ថាន ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​វិន័យ​របស់​យើង ដែល​ផ្ដល់​ជីវិត​ឲ្យ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ជា‌និច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង។

14. ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមអានជំពូកពេញលេញ អេសេ‌គាល 20